(ឧត្តរមានជ័យ)៖ ពិធីប្រណាំងទូកនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រយះពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិការនៃទីលានប្រណាំងទូក ទល់មុខវត្តបុរីប្រាសាទជ័យ ហៅវត្ត ត្រពាំងប្រាសាទ ក្នុងស្រុកត្រពាំងប្រាសាទ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ក្រោមបរិយាកាសសប្បាយរីករាយ ដោយមានការចូលរួមទស្សនាច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ។
ពិធីបិទការប្រណាំងទូកនៅស្រុកត្រពាំងប្រាសាទ បានធ្វើឡើងក្រោមវត្តមានលោក វណ្ណ កុសល សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ០៨ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ព្រមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងស្រុកត្រពាំងប្រាសាទ ក៏ដូចជាប្រជាពលរដ្ឋមកពីស្រុកនានាផងដែរ។
លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលស្រុកត្រពាំងប្រាសាទបានរៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ អបអរសាទរពិធីបុណ្យឆ្លងស្រះទឹកបុរាណ ក្លោងទ្វារវត្ត សួនច្បារ សាលាឆទាន និងផ្សារត្រពាំងប្រាសាទ ពិសេសគឺចូលរួមអបអរសាទរព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
លោកអភិបាលស្រុកត្រពាំងប្រាសាទ បានថ្លែងនូវការអរគុណយ៉ាងធំធេងដល់លោក វណ្ណ កុសល សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តារាគមន៍លេខ៨ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំទាំង៦ ព្រះសង្ឃ ប្រជាពលរដ្ឋ អាជីវករផ្សារត្រពាំងប្រាសាទ និងសប្បុរសជនជាច្រើនទៀត ដែលបានចុលរួមថវិកាឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ លោកថាក្រៅពីការប្រណាំងទូក ក៏មានការសម្ដែងសិល្បៈល្ខោនបាសាក់ ការបាញ់កាំជ្រូច ការបង្ហោះគោម និងកម្មវិធីកម្សាន្តនានាជាច្រើនទៀតផងដែរ។
លោក ហាំង ម៉េង បានបញ្ជាក់ទៀតថា ឆ្នាំនេះទូកដែលបានចូលរួមប្រណាំងនៅស្រុកត្រពាំងប្រាសាទមានចំនួនសរុប១១ទូក ជាលទ្ធផលជ័យលាភីទូកលេខ១ឆ្នាំនេះ បានទៅលើទូកឈ្មោះ អធិរាជទំនប់ថ្មីបារមីត្រពាំងតាវ ដោយទទួលពាន១ និងថវិកាចំនួន២លានរៀល ជ័យលាភីទី២ បានទៅលើទូកឈ្មោះ ប្រាសាទខ្នាចារសែនជ័យបារមីយាយម៉ៅ ទទួលបានពាន១ និងថវិកា១លាន៥សែនរៀល ជ័យលាភីទី៣ បានទៅលើទូកឈ្មោះ ផ្អាវសែនជ័យបារមីអូរទឹកខៀវ ទទួលពាន១ និងថវិកា ១លានរៀល និងបានលើកទឹកចិត្តដល់ទូកដែលមិនជាប់ជ័យលាភីទាំង៨ទូក ដោយក្នុងទូកនិមួយទទួលថវិកា៥០ម៉ឺនរៀល៕