(កំពត)៖ រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិការ ឆ្នាំ២០២៤ សម្រាប់ខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកកម្សាន្ត និងស្នាក់នៅ ប្រមាណជាង ១៣ មុឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរ បានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត មានចំនួន១៣៤,៦២២នាក់ កើនឡើង ៥៩.៨២% ធៀបនឹងឆ្នាំ ២០២៣ កន្លងមក។ ក្នុងនោះ ភ្ញៀវជាតិ មាន១៣២.៤១៦នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២.២០៦នាក់។

ចំពោះស្ថានភាពទូទៅ នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្ត មានភាពល្អប្រសើ មិនមានភាពប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។

លោក សយ ស៊ីណុល បន្តទៀតថា ចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱកាសនៃពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃកន្លងមកនេះ ក៏មិនមានការតម្លើងថ្លៃណាមួយ ដែលមិនសមរម្យនោះទេ ហើយកន្លែងស្នាក់នៅមួយចំនួន គឺម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬរមណីយដ្ឋានមួយចំនួន មានការបញ្ចុះតម្លៃថែមទៀតផង ដោយសារភ្ញៀវធ្លាប់ចេញចូលស្នាក់នៅកន្លែងរបស់ពួកគាត់នៅពេលមានពិធីបុណ្យផ្សេងៗ កន្លងមក។ ចំណែកការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំងខេត្ត មានស្ថានភាពល្អប្រសើរ ដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។

សរុបមកវិញស្ថានភាពទូទៅ គឺដំណើរការបានល្អ ដោយយោងតាមការណែនាំ និងប្រសាសន៍ផ្ដាំផ្ញើរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងស្មារតីជួបសំណេះសំណាល ជាមួយប្រតិបត្តិករទេសចរណ៍ មកពីគ្រប់ទីកន្លែងនៃខេត្តកំពត កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមកនេះ ដែលធ្វើឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់នោះ មានការយល់ដឹង ចាប់អារម្មណ៍ និងយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍របស់លោកអភិបាលខេត្តកំពត ដោយបម្រើភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ នាឱកាសបុណ្យអុំទូកខាងលើ៕