(ប៉ៃលិន)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិនសរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣.៣៨%។ នេះបើតាមការបញ្ជាក់របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន។
ក្នុងចំណោមភ្ញៀវទេសចរសរុប១៨៥,៥០៨នាក់នោះ ភ្ញៀវទេសចរជាតិមានចំនួន ១៧៨,០៤១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧,៤៦៧នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា ដោយមានការគិតខ្ពស់ពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំណពេញក៍ដោយ ក៏រដ្ឋបាលខេត្តបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះបានអធិកអធម ដូចជាការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប ភ្លើងបំភ្លឺចម្រុះពណ៌ ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ និងការប្រគុំតន្ត្រីខ្នាតធំមានតារាចម្រៀងល្បីមកពីរាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវម្ហូបអាហារ នំចំណី និងភេសជ្ជៈ ដោយឥតគិតថ្លៃផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ ជាពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងនាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើមហើយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី៕