(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ទីរពេទ្យព្រះអង្គឌួង បានបម្រើសេវាសុខាភិបាល ២៤ម៉ោង ២៤ម៉ោង ទាំងនៅទីតាំងប្រចាំការចំនួន២កន្លែង នៅវត្ដភ្នំ កែងស្ថានទូតអាមេរិក និងនៅផ្លូវ១១៨ កែងផ្លូវព្រះស៊ីសុវត្ថិ ព្រមទាំងនៅមន្ទីរពេទ្យផ្ទាល់។
តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា «រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទុក មន្ទីរពេទ្យព្រះអង្គឌួង បានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បានចំនួន ៣១៧នាក់ នៅតាមទីតាំងប្រចាំការទាំងពីរខាងលើ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងឆ្នាំមុន»។
«សម្រាប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៃការបម្រើសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង សរុបចំនួន ៤,៧៤៤នាក់ មានការធ្លាក់ចុះ បើប្រៀបធៀបនឹងថ្ងៃធម្មតាមិនមានបុណ្យជាតិផ្សេងៗ ព្រោះថ្ងៃធម្មតាជាទូទៅគ្រាន់តែមកពិគ្រោះជំងឺក្រៅ ក្នុងមួយថ្ងៃចន្លោះពី ២,៥០០នាក់ ទៅ ៣,០០០នាក់»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ លូ លីឃាង។
គួររម្លឹកថាលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ទាំងមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានជំរុញឱ្យអង្គភាពទាំងអស់ ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាល ជាស្ថាប័នជួរមុខ ក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។
លើសពីនោះក្រសួងសុខាភិបាលបានរៀបចំនូវទីតាំងជម្រកតង់ការពារសុខភាព និងក្រុមគ្រូពេទ្យប្រចាំការ រថយន្តគិលានសង្រ្គោះបន្ទាន់នៅតាមបណ្តាគោលដៅនីមួយៗ ដែលមានចំនួន ១៥ជម្រកតង់ រថយន្តគ្លីនិកចល័ត ចំនួន ២កន្លែង និងក្រុមគ្រូពេទ្យចល័តក្នុងក្រុមមហាជនផងដែរ ដើម្បីផ្តល់សេវាសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាសុខភាពបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោងផងដែរ៕