(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃបានប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកទទួលខុសត្រូវខ្ពស់លើការដឹកនាំ គ្រប់គ្រង និងចាត់ចែងលើកិច្ចការរៀបចំព្រះរាជពិធី បានបង្ហាញការកត់សម្គាល់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណ:គ្រប់បែបយ៉ាង ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចមហាបវរធិបតី អរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាពល្អប្រណិត ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សូមអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈការិនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកម្សាន្ដគ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង៕