(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។
លោករដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។
សូមបញ្ជាក់ថា ការចូលរួមសំអាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមកន្លែងកម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប១០ ៥០០តោន។
តាមការបញ្ជាក់ពីអាជ្ញាធរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ប្រមាណជាង ៦លាននាក់បានមកចូលរួម និងដើរលេងកម្សាន្ត។ ដោយឡែកចំនួនសំរាម ដែលប្រមូល បាននៅតាមកន្លែងកម្សាន្ត និងទីសាធារណៈនានា មានការថយចុះ ចំនួន៣% ជារៀងរាល់ថ្ងៃ នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃផងដែរ។
រយៈពេល៣ថ្ងៃនៃក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ បានកន្លងផុតទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងពី ការទុកដាក់សំរាមបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រសើរជាងពេលមុន។ លើសពីនេះ ការចូលរួមធ្វើសកម្មភាពព្រមគ្នា ពីអ្នកពាក់ព័ន្ធ ក្រុមគ្រួសារស្រឡាញ់បរិស្ថានទាំងអស់ ជាពិសេសអ្នកចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទាំងការផ្សព្វផ្សាយ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីបំផុសស្មារតីឆ្ពោះទៅ ផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការរើសសំរាម សំអាតអនាម័យបរិស្ថាន និងការចុះអនុវត្តសកម្មភាពដោយផ្ទាល់ ដោយបានប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក បានល្អប្រសើរ និងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ ជាការកត់សំគាល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាម តាមផ្លូវ និងតាមទីសាធារណៈក្នុងរាជធានីភ្នំពេញនោះទេ៕