(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក Sardar Umar Alam តំណាងអ្នកសម្របសម្រួល អ.ស.ប ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អសប នៅសាលា POK ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីសំណាក់ឧត្តមសីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, ឧត្តមសេនីយ៍ទោ Yoshiharu មេបញ្ជាការ កងពលតូចវិស្វកម្មលេខ៤ ជប៉ុន, ឧត្តមសេនីយ៍ត្រី Kim Tae Hoo មេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក កូរ៉េ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
នាឱកាសនោះដែរឧត្តមសីយ៍ទោ សែម រតនា បានថ្លែងថា ពិធីបើកវគ្គហ្វឹកហ្វឺនពិធីបើកវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី ស្ដីពីការប្រើប្រាស់វិស្វកម្មធុនធ្ងន់ ការយល់ដឹង អំពីគ្រោះថ្នាក់ នៃ គ្រឿងផ្ទុះ និងសង្គ្រោះលើទីលាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ដល់សិក្ខាកាមជាតិ និងអន្តរជាតិ ក្នុងគោលបំណង បង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេលប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និងស្ទាត់ជំនាញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បីគាំទ្រដល់ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្ម អ.ស.ប។
គម្រោងត្រីភាគីនេះគឺជាគំនិតផ្តួចផ្តើមរបស់លោក ស៊ីនហ្សូ អាបេ (Shinzo ABE) អតីត នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅ ទីបញ្ជាការ អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ការគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំងឱ្យ ធ្វើការចល័តបានឆាប់រហ័ស និងមានគុណភាពខ្ពស់គម្រោងនេះ ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅអាហ្វ្រិកខាងកើត នាឆ្នាំ២០១៥ សំដៅលើកកម្ពស់សមត្ថភាពកម្លាំងរក្សាសន្តិភាពលើសសរស្ដម្ភវិស្វកម្ម វេជ្ជសាស្ត្រ និងស៊ី-ហ្វ័រ-អាយ-អេស-អ (C4ISR) (បញ្ជាការការត្រួតពិនិត្យ ទំនាក់ទំនង កុំព្យូទ័រ ចារកិច្ចយោធា ការឃ្លាំមើល និងការត្រួតពិនិត្យ) និង សុវត្ថិភាពក្នុងបន្ទាយតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺននិងការគាំទ្រផ្នែកប្រតិបត្តិការ
គម្រោងនេះក៏ត្រូវបានពង្រីកខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមាន៤ប្រទេសធ្វើជាម្ចាស់ផ្ទះវិលជុំ២ឆ្នាំម្តង ក្នុងនោះមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ គម្រោងនេះក៏មានការចូលរួមគាំទ្រពីអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងសាធារណរដ្ឋកូរ៉េ។
ការធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ ក៏ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។ រីឯហេដ្ឋារចនាសម្ព័ន្ធ ក៏បានដំណើរការសាងសង់ មានអគារស្នាក់នៅសាលប្រជុំអគារសិក្សាដែលសឹងតែរួចរាល់សម្រាប់ធ្វើជាម្ចាស់ផ្ទះរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦។
វគ្គហ្វឹកហ្វឺនត្រីភាគីអង្គការសហប្រជាជាតិ (UN TPP) ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គឺជាការហ្វឹកហ្វឺនបែបពហុសសរស្តម្ភ (Cross-Pillar) និងជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ជាលើកដំបូងរបស់កម្មវិធី TPP ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (៥សប្តាហ៍) នៅសាលា PKO ខេត្តកំពង់ស្ពឺ លើសសរស្តម្ភចំនួនបីរួមមានសសរស្តម្ភទី១ ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម HEE (Heavy Engineering Equipment - Operators' Intermediate Course), សសរស្តម្ភទី២ ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ EHAT (Explosive Hazard Awareness Training) សសរស្តម្ភទី៣ សង្គ្រោះលើទីលាន FMAC (Field Medical Assistants Course)។
វគ្គនេះមានការចូលរួមពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិយោធាចារ្យអូស្ត្រាលី ជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងមានសិក្ខាកាមមកពីប្រទេសចំនួន៨ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា៕