(គុនមីង, ចិន)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សុទ្ធី តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានក្រុមការងារ គ្រប់គ្រងនិស្សិត ក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ លោក ស៊ីវ លឹមអាន កុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមីង ខេត្តយូណាន និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយ លោក Wang Yongquan អនុប្រធានមន្ទីរអប់រំ ខេត្តយូណាន។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ មន្ទីរអប់រំខេត្តយូណាន បានបង្ហាញការគាំទ្រដល់និស្សិតកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ឱ្យទៅបន្តការសិក្សានៅខេត្តយូណាន ជាពិសេសកិច្ចសហប្រតិបត្តិផ្លាស់ប្តូរកម្មវិធីសិក្សាចិន-កម្ពុជា និងការបង្កើតកម្មវិធីបណ្តុះបណ្តាលភាសាខ្មែរនៅក្នុងសាកលវិទ្យាល័យនៃខេត្តយូណាន។

គូសរំលេចផងដែរថា គិតត្រឹមឆ្នាំ២០២៣ មាននិស្សិតកម្ពុជាមកបន្តការសិក្សានៅខេត្តយូណានប្រមាណ ៣០៦នាក់ ក្នុងនោះទទួលបានអាហារូបករណ៍ អ.ម.ត ចំនួន ៣១នាក់៕