(ស្វាយរៀង)៖ លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការ ស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ ថ្នាក់ រដ្ឋបាលឃុំសង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកប ដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
ការថ្លែងជំរុញនិងលើកទឹកចិត្តបែបនេះរបស់លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព២០២៤-២០២៨ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ២៦៥នាក់។
ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ឈានឆ្ពោះប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកបន្ថែមថា លទ្ធផលជាច្រើនដែលសមត្ថកិច្ច អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី រួមសហការគ្នាធ្វើឲ្យខេត្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ពិសេសទប់ស្កាត់បានយ៉ាងជោគជ័យនូវគម្រោងដ៏ខ្មៅកខ្វក់ ពីសំណាក់ជនអគតិមួយចំនួន ដែលមានគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាព និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពបដិវត្តន៍ពណ៌ មិនស្របតាមគន្លង នៃលទ្ធិប្រជាធិបតេយ្យ។
លោកអភិបាលខេត្តបានបន្តថា ទន្ទឹមនេះលក្ខណៈសម្បត្តិផ្សេងទៀតនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានដំណើការប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងការផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណតាមរយៈរថយន្តចល័ត ការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ក៏ដូចជាការឆ្លើយតបចំពោះករណីគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗជាដើម។
បន្ថែមលើសពីនេះលោក រស់ វរុណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់៕