(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស «A» ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។
លោកស្រី មិថុនា ភូថង បានថ្លែងថា ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍន៍ ដែលស្របនឹងការរីកចម្រើន នៃបច្ចេកវិទ្យារបស់ពិភពលោក ការទទួលបានចំណេះដឹង ដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស មានការគាំទ្រពីឪពុក-ម្តាយ និងមានការជ្រោមជ្រែងគ្រប់លោកគ្រូ-អ្នកគ្រូអាណាព្យាបាល និងមានការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្តកោះកុង កាន់តែរីកចម្រើនជាបន្តបន្ទាប់ ពី១ឆ្នាំទៅ១ឆ្នាំលើវិស័យអប់រំ។
លោកស្រីអភិបាលខេត្តបន្តថា ប្អូនៗក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស «A» ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ ក្នុងការជួយពង្រឹងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ហើយក៏ជាទំពាំងស្នងឬស្សីអនាគតនៃប្រទេស ដូច្នេះប្អូនៗក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ បង្កើនធនធានមនុស្សនៅជំនាញឯកទេស ដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។
លោកស្រីបន្តថា ប្រទេសមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពដ៍ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចខិតខំស្វែងរក សន្តិភាពជូនប្រទេសជាតិ និងក្រោមការដឹកនាំបន្តរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ ជាក់ស្តែងសម្តេច បានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមានមោទនៈ។
ក្នុងការសំណេះសំណាលនេះ លោកស្រីអភិបាលខេត្ត បានឧបត្ថម្ភប្រាក់រង្វាន់ដល់សិស្សប្រឡងជាប់និទ្ទេស «A» ចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលទឹកប្រាក់ ៤,០០០,០០០រៀល (៤លានរៀល) លោកគ្រូនាយកសាលានីមួយៗ ចំនួន១,០០០,០០០រៀល។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអបរំយុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនដែលមកដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង៣មណ្ឌលមានចំនួនសរុបប្រុស ១១៤១នាក់ស្រីចំនួន៦១៦នាក់។ មណ្ឌលប្រឡងមាន៣ ៖
១៖ មណ្ឌល វិ.ច.ប តេជោសែនកោះកុង
២៖ មណ្ឌលអនុវិទ្យាល័យស្មាច់មានជ័យ
៣៖ មណ្ឌលបឋមសិក្សាទីរួមខេត្ត
បេក្ខជនប្រឡងជាប់និទ្ទេស «A» ចំនួន១៣នាក់ និទ្ទេសB ចំនួន៦៥នាក់ និទ្ទេសC ចំនួន១៧៤នាក់ និទ្ទេសD ចំនួន៣១២នាក់ និទ្ទេសE ចំនួន៣៤៣នាក់៕