(សៀមរាប)៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI)។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានជ្រើសយកប្រទេសកម្ពុជា ដើម្បីប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦គណបក្ស និង ២៤ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូបផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុងការបើកកិច្ចប្រជុំគណៈ- កម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI)។
* សម្តេចមហាបវរធិបតី ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូទាំងអស់ សម្រាប់ការជួបជុំជាប្រវត្តិសាស្ត្រនេះ នៅក្នុងខេត្តសៀមរាប, ដែលជាតំបន់ស្នូល នៃអរិយធម៌សម័យអង្គរ កាលពីក្នុងអំឡុងសតវត្សទី ៩ ដល់សតវត្សទី ១៥ ។ គណបក្សប្រជាជនកម្ពុជា, ក្នុងឋានៈជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ពិតជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈ- កម្មាធិការប្រតិបត្តិនេះ និង កម្មវិធីពិសេសស្ដីពី «យុវជន និង ធម្មនុញ្ញសន្តិភាព៖ សម្រាប់ មនុស្សជាតិ និង ភពផែនដី» ដែលត្រូវបានប្រារព្ធឡើងនាព្រឹកនេះ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយសូមឆ្លៀតយកឱកាសនេះសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចក្នុងការកសាងសន្តិភាព, ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសរបស់យើង ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាប្រជាជនកម្ពុជា យើងខ្ញុំសូមសម្តែងនូវកតញ្ញុតាធម៌ចំពោះការប្តេជ្ញាចិត្តពេញមួយជីវិត របស់ សម្ដេច ដើម្បីសន្តិភាព, ការផ្សះផ្សា និង ការកសាងជាតិឡើងវិញក្រោយជម្លោះ ដែល បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍជាតិ និង ការធ្វើទំនើបកម្មរបស់ប្រទេស ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សព្វថ្ងៃនេះពិភពលោករបស់យើង ប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមកជាមួយ នឹងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ការអូសបន្លាយ និង ការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា ជាមួយនឹងការចូលរួមក្នុងសង្គ្រាម ដោយតួអង្គដែលពុំមែនជាភាគីផ្ទាល់នៃជម្លោះ បានធ្វើ ឱ្យយើងបាត់បង់ក្ដីសង្ឃឹមសម្រាប់ការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ នាពេលដ៏ខ្លីខាងមុខ និង បានបង្កើនភាពភ័យខ្លាចនៃការឈានដល់សង្គ្រាមកម្រិតសកល ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបែងចែកប៉ូលសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ក៏កំពុងគំរាមកំហែងដល់អាយុ ជីវិតនៅទូទាំងពិភពលោក ក្នុងកម្រិតមួយដែលពិបាកស្រមើស្រមៃផងដែរ ។ បញ្ហាប្រឈមទាំងនេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និង ជនភៀសខ្លួន, រាំងស្ទះដល់ការងើបវិញនៃសេដ្ឋកិច្ច, បង្កើនអត្រាអតិផរណា, បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និង ប៉ះពាល់ដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍមនុស្ស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយ, ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះទាមទារឱ្យយើងខិតខំពង្រឹងភាពធន់ របស់ខ្លួន ក្នុងផ្នែកសន្តិសុខនយោបាយ, សង្គមសេដ្ឋកិច្ច និងវប្បធម៌។ ប្រទេសកម្ពុជាត្រៀម ខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់របស់យើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិតណាស់, ប្រទេសកម្ពុជាបានរងគ្រោះអស់ជាច្រើនទសវត្សរ៍ ក្នុងសង្គ្រាមស៊ីវិលដ៏អូសបន្លាយ, ប៉ុន្តែ, យើងបានគ្រប់គ្រង, ស្តារសន្ដិភាពពេញលេញឡើងវិញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ និង ទទួលបានវិបុលភាព រហូតមកដល់បច្ចុប្បន្ន តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និង សមាហរណកម្ម ក្នុងសេដ្ឋកិច្ចពិភពលោក ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ, យើងកំពុងសង្កេតឃើញការលេចឡើងនៃនិន្នាការពហុប៉ូល នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលត្រូវបានរុញច្រានដោយកត្តាផ្សេងៗ ក្នុងនោះរួមមាន សកលភាវូបនីយកម្ម, ភាពជឿនលឿននៃបច្ចេកវិទ្យា, ការកែប្រែសម្ព័ន្ធមិត្ត និង ការកើនឡើង នៃក្រុមសេដ្ឋកិច្ចកំពុងលូតលាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ព្រមទាំងរួមគ្នាជាមួយនឹង ប្រទេស និង គណបក្សនយោបាយ ដែលមានផ្នត់គំនិតដូចគ្នា, គាំទ្រពហុភាគីនិយម និង ភាពចម្រុះ នៅក្នុងអភិបាលកិច្ចនយោបាយ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងប្រវត្តិសាស្ត្រកន្លងមក, សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលខិតខំ កសាងសង្គមមួយប្រកបដោយសុខដុម, ការអត់ឱន និង បរិយាប័ន្ន, ដែលប្រជាជនរបស់យើង ទោះបីជាកើតចេញពីស្រទាប់សង្គមផ្សេងគ្នា ឬ មាននិន្នាការនយោបាយខុសគ្នាក៏ដោយ ក៏នៅតែអាចរស់នៅចុះសម្រុងគ្នាបាន និង ជាសង្គមដែលអាចដោះស្រាយភាពខ្វែងគំនិតគ្នា តាមរយៈកិច្ចសន្ទនា ដោយមិនងាកទៅប្រកាន់យកនយោបាយជ្រុលនិយម, ប្រជានិយម និង វប្បធម៌ហិង្សា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទទួលស្គាល់ថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានដើរលើផ្លូវវែងឆ្ងាយ មុននឹងក្លាយជាសហគមន៍ស្នូល មានការទទួលស្គាល់ជាសកល ដោយគណបក្ស នយោបាយចំនួន ១០៩ មកពី ៨៣ ប្រទេស, ដែលគណបក្សនយោបាយទាំងអស់នេះ សុទ្ធ សឹងតែមានឫសគល់នៅក្នុងប្រពៃណីនៃលទ្ធិប្រជាធិបតេយ្យ និង គ្រិស្តសាសនា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជា អនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ, គណបក្សប្រជាជនកម្ពុជា បាន ចូលរួមចំណែកប្រកបដោយមោទនភាព ចំពោះការអភិវឌ្ឍ និង ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសបានរឹងមាំ នៅក្នុងតំបន់ យើងបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្ដួចផ្ដើម នយោបាយផ្សេងៗ របស់តំបន់ និងសកល ដោយប្រើប្រាស់នូវបទពិសោធរបស់យើងផ្ទាល់ ក្នុងការកសាងសន្តិភាព និង ការផ្សះផ្សារ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាប្រទេសតូចមួយ, មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ, ប៉ុន្តែស្ថិតលើការកសាងសន្តិភាព ។ ជារួម,យើងគ្រាន់តែស្វះស្វែងរកការរស់នៅ ប្រកបដោយសុខសន្តិភាព, ការរីកចម្រើន ក្នុងឋានៈជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និង បូរណភាពទឹកដី ។ គណបក្សប្រជាជនកម្ពុជា រួមជាមួយនឹងអង្គការអ្នកប្រជា ធិបតេយ្យនិយមកណ្តាលអន្តរជាតិ ពិតជាមានមោទនភាព ក្នុងការដោះស្រាយនូវបញ្ហាប្រឈម នៅតាមតំបន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងាររបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលកន្លងមក ព្រោះថាសកម្មភាពការងារទាំងនោះបានឆ្លុះ បញ្ចាំងនូវគុណតម្លៃនៃសន្តិភាព, សិទ្ធិសេរីភាពនៃសារព័ត៌មាន ប្រកបដោយភាពអាចទុកចិត្ត បាន និង គណនេយ្យភាព, ការចូលរួម របស់យុវជន និង ស្ត្រី ក្នុងការកសាងសន្តិភាព និង សន្តិសុខ ព្រមទាំងកិច្ចការងារក្នុងទិដ្ឋភាពផ្សេងៗទៀត ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តឥតងាករេ របស់អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្ដាលអន្តរជាតិ ចំពោះដំណើរការនេះ នឹងអាចអនុញ្ញាតឱ្យយើងសម្របខ្លួនបាន កាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរស្ថានភាព ភូមិសាស្ត្រនយោបាយ និង ភូមិសាស្ត្រសេដ្ឋកិច្ច, ការកសាងសាមគ្គីភាពក្នុងភាពចម្រុះ និងការពង្រឹងទំនាក់ទំនងជាមួយដៃគូរបស់យើង ដោយ ផ្អែកលើការជឿទុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជុំរបស់យើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺជាការព្យាយាមសម្រេចឱ្យ បាននូវគោលជំហររួម លើការធានាសន្តិសុខ, ស្ថិរភាព, និង កិច្ចអភិវឌ្ឍជាសកល ។ សម្តេចមានទំនុកចិត្តថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាចផ្ដល់ជាធាតុចូលដ៏មានតម្លៃ ក្នុងកិច្ចពិភាក្សារបស់យើង ក៏ដូចជា កំណត់នូវអនុសាសន៍គោលនយោបាយ ដើម្បីលើក កម្ពស់សន្តិសហវិជ្ជមាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាមួយនឹងក្តីរំពឹង វិជ្ជមាន និងជូនពរឱ្យគ្រួសារនៃអង្គការអ្នកប្រជាធិបតេយ្យ និយមកណ្ដាលអន្តរជាតិ បន្តទទួលបានជោគជ័យ និង មានសុខភាពល្អ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ទទួលបានការស្នាក់នៅ ប្រកបដោយផាសុកភាព និង ភាពរីករាយ នៅ ក្នុងទីក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌របស់យើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៥៖០២នាទីនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕