(កំពង់ស្ពឺ)៖ នៅចំពោះមុខមន្ត្រី UN ឯកអគ្គរដ្ឋទូតអូស្ត្រាលី មេទ័ពជប៉ុន មេទ័ពអូស្ត្រាលី ព្រមទាំងកងទ័ពមកពី ៨ប្រទេសផ្សេងទៀត ក្នុងពិធីបើកវគ្គគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ (UNTPP) នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានបញ្ជាក់ថា ប្រជាជនកម្ពុជា និងរដ្ឋាភិបាល ស្អប់ខ្ពើមសង្គ្រាម និងបានយល់ច្បាស់ពីគុណបំណាច់នៃសន្តិភាព ដោយប្តេជ្ញាចិត្តការពារ និងថែរក្សាឱ្យបានទោះស្ថិតនៅក្នុងកាលៈទេសៈ ឬតម្លៃណាក៏ដោយ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរំលឹកឡើងថា នៅកំឡុងខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីកងកម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិ (UN) បានដកចេញពីទឹកដីកម្ពុជា កងកម្លាំងយោធារបស់ខ្មែរក្រហម នៅតែវាយប្រហារមកលើប្រជាជនស្លូតត្រង់ ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ចុងឆ្នាំង១៩៩៨ ទើបកម្ពុជា បានស្គាល់ពន្លឺសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស។
ថ្លែងចេញពីលើវេទិកានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (KPO) ដែលស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយនឹងសុខសន្តិភាព ដែលរកបានដោយលំបាកនេះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រជាជន និងប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ដោយមើលឃើញពីលើគ្រប់វិស័យ និងការស្អប់ខ្ពើមសង្គ្រាម ដែលបានបំផ្លាញ ប្រទេសឱ្យធ្លាក់ក្រោមចំណុចសូន្យ ពីអតីកាលនេះហើយទើបប្រជាជនបច្ចុប្បន្ន យល់ច្បាស់អំពីគុណបំណាច់នៃសន្តិភាព ប្តេជ្ញាចិត្តការពារ និងថែរក្សាឱ្យបានជាដាច់ខាតនៃសន្តិភាពនេះទោះក្នុងតម្លៃ ឬកាលៈទេសៈណាក៏ដោយ»។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា គុណបំណាច់ នៃសន្តិភាពដែលរកបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី កម្ពុជា មានបំណងប្រាថ្នាចែករំលែកក្តីស្រឡាញ់ បទពិសោធន៍ ស្មារតីមនុស្សធម៌ ក្នុងន័យសំដៅរួមចំណែកសម្រាលការលំបាក ទុក្ខវេទនារបស់ប្រជាជននៅតាមបណ្តាប្រទេសដែលជួបប្រទះនឹងភ្លើងសង្គ្រាមនៅជុំវិញពិភពលោក។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងថា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាពពិភពលោកជាបន្តបន្ទាប់ ក្រោយមានការស្នើសុំពីអង្គការសហប្រជាជាតិ ហើយតាមរយៈបេសកកម្មដ៏ធំនេះកម្ពុជាបានស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដោយសារតែកងទ័ពកម្ពុជាមានជំនាញច្បាស់លាស់លើកិច្ចការទាំងនេះ ថែមទាំងអាចហ្វឹកហ្វឺនដល់ប្រទេសមួយចំនួនក្នុងតំបន់ផងដែរ ក្រោមគម្រោងសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដូចជាប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិនោះ។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្រៅពីកម្ពុជាធ្វើជាម្ចាស់ផ្ទះបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ (UNTPP) ដោយមានប្រទេស៨ចូលរួ នាពេលនេះ កម្ពុជាក៏កំពុងរៀបចំដាក់ សំណើរ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នាពេលខាងមុខនេះផងដែរ ខណៈកិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់ រដ្ឋជាសមាជិក ដើម្បីរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរួមមួយ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព និងផលប៉ះពាល់របស់ពួកគេលើសហគមន៍ដែលពួកគេបំពេញការងារនោះ។
សូមបញ្ជាក់ថា កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះជាលើកទី២ ចំពោះវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ ខណៈវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមជាតិ និងអន្តរជាតិនេះក្នុងគោលបំណងបង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេលប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និងស្ទាត់ជំនាញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីគាំទ្រដល់ប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្មអង្គការសហប្រជាជាតិជាដើម។ វគ្គហ្វឹកហ្វឺនជាលើកទី២នេះ គឺមានសិក្ខាកាមមកពីប្រទេសចំនួន៨ ចូលរួមគឺកម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា ជាដើម៕