(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្វាយលិខិតថ្លែងអំណរព្រះគុណ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើសារប្រទានពរដល់សម្តេច នៅក្នុងឱកាសខួបចម្រើនជន្មាយុ ថ្ងៃទី១៨ ខែវិច្ឆិកា។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំម្ចាស់សូមលំឱនកាយគោរព និងសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសម្តែងថ្វាយនូវសេចក្តីអំណរ ព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើ ដែលពិតជាមានអត្ថន័យសម្រាប់ខ្ញុំម្ចាស់ នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះបារមី និងព្រះរាជហឫទ័យសណ្តោសប្រោសប្រទាននៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវ ការគាំទ្រលើកទឹកចិត្តជាអតិបរមាចំពោះខ្ញុំម្ចាស់ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជារៀងរហូតមក»។
ជាថ្មីម្តងទៀត សម្តេច និងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមប្រោសព្រះរាជទានព្រះរាជសព្ទត ប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីគង់ជាម្លប់ដល់កូនចៅគ្រប់រូបជានិច្ចនិរន្តរ៍តទៅ៕