(ហាណូយ-វៀតណាម)៖ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបប្រជុំទ្វេភាគីជាមួយលោក Do Hung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសវៀតណាម ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបានបញ្ជាក់អះអាងនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ បានលើកទឹកចិត្តឱ្យប្រទេសវៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន និងពិចារណាចែករំលែកបទពិសោធន៍ និងជំនាញវិស័យសកម្មភាពមីនទៅកាន់ពិភពលោក។
លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីចូលរួមបេសកកម្មរួម ក្នុងការបញ្ចប់ការរងគ្រោះ និងទុក្ខវេទនាបង្កឡើងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជា បានជួបប្រជុំជាមួយបណ្តាប្រទេសជាច្រើនតាមតែអាចធ្វើទៅបាន ដើម្បីកៀងគរការគាំទ្រសម្រាប់ការអនុវត្តអនុសញ្ញា និងលើកទឹកចិត្តដល់រដ្ឋមិនមែនភាគីឱ្យចូលរួមជាមួយអនុសញ្ញាអូតាវ៉ា។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះបុព្វហេតុមនុស្សធម៌បែបនេះ។
ទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ប្រទេសវៀតណាម បានផ្ញើសារយ៉ាងសំខាន់ទៅកាន់ពិភពលោកតាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់នេះ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ទេសរដ្ឋមន្ត្រីសង្ឃឹមថានឹងឃើញវៀតណាមចូលរួមក្នុងគ្រួសារអនុសញ្ញាអូតាវ៉ានាពេលខាងមុខ ព្រោះថាទោះបីវៀតណាមមិនមែនជារដ្ឋភាគីក៏ដោយ ក៏វៀតណាមបាននឹងកំពុងអនុវត្តគោលការណ៍នៃអនុសញ្ញានេះរួចហើយ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត លី ធុជ បានលើកទឹកចិត្តឱ្យវៀតណាមបន្តគាំទ្រអនុសញ្ញានេះ តាមរយៈការចែករំលែកបទពិសោធន៍ និងជាពិសេសបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។
លោក Do Hung បានគាំទ្រយ៉ាងពេញទំហឹងចំពោះមុខតំណែងជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា ហើយបានយល់ស្របថា វាពិតជាមានសារៈសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យសកម្មភាពមីន។ វៀតណាមនឹងបន្តគាំទ្រស្មារតីនៃអនុសញ្ញា និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការចែករំលែកបទពិសោធន៍។
លោក Do Hung បានកោតសរសើរដោយស្មោះចំពោះតួនាទីរបស់កម្ពុជាក្នុងការរួមចំណែកថែរក្សាសន្តិភាពពិភពលោក និងការចែករំលែកបទពិសោធន៍ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីន៕