(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គ្រីស្ទៀន វ៉ុលឃឺ អាយឌី (Christian Volker Ide) ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» ឆ្នាំ២០២៤-២០២៨ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact។
ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact ក្នុងដំណាក់កាលទី៣នេះ បង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងភាគីទាំងពីរ ក្នុងការផ្តល់ឱកាសដល់យុវជនដែលមានការខ្វះខាត ក៏ដូចជាកម្លាំងពលកម្មជំនាញកំរិតទាប អាចទទួលបាននូវការងារសមរម្យ និងប្រាក់ចំណូលកាន់តែប្រសើរ តាមរយៈការទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣នេះ ផ្តោតលើវិស័យសំខាន់ចំនួន ២ ដូចជា៖
១. ការសម្របសម្រួល និងអភិបាលកិច្ចសម្រាប់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនឹង TVET ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។
២. ការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងអ្នកផ្តល់ជំនាញនានា តាមរយៈការគាំទ្រដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅក្នុងខេត្តចំនួន ១២ នូវធនធានសំខាន់ៗ និងកម្មវិធីបណ្តុះបណ្តាលនានា។
លោករដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នេះ នឹងមិនត្រឹមតែជួយធ្វើឱ្យប្រសើឡើងនូវគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ តែកម្មវិធីនេះនឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់កាន់តែមានភាពល្អប្រសើរ៕