(ភ្នំពេញ)៖ តាមរយៈវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី​ «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបង្ហាញអំពីសកម្មភាពការទូតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រយៈពេល៣ខែចុងក្រោយនេះ។

បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ ក្នុងរយៈពេល៣ខែចុងក្រោយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ច៣លើកនៅបរទេស ក្នុងនោះរួមមាន៖

*ទី១៖ ទស្សនកិច្ចនៅវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា។ គោលដៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធផ្សេងៗទៀត ទាំងអស់១៧កិច្ចប្រជុំ។
*ទី២៖ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៉ី។
*ទី៣៖ ទស្សនកិច្ចនៅក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។ គោលដៅធំ គឺចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨។

លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានអះអាងថា ការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ដចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម សម្រេចឲ្យបាននូវគោលដៅឆ្នាំ២០៣០ និងគោលដៅឆ្នាំ២០៥០។ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ កាទូតសេដ្ឋកិច្ចនេះ ដៅសឹងទាំងស្រុងទៅរកការចូលរួមចំណែក រក្សាកំណើនសេដ្ឋកិច្ចនៃប្រទេស, បង្កើតការងារ, ពង្រឹងគុណភាពនៃវិស័យអប់រំ និងសុខាភិបាល។ និយាយមួយបែបទៀត គឺចូលរួមចំណែកក្នុងការបន្តកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ទស្សនកិច្ចនៅបរទេសទាំងអស់នេះ ពិសេសទស្សនកិច្ចចុងក្រោយនៅប្រទេសចិន ជាឱកាសសម្រាប់ឲ្យប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឆ្លៀតបន្តពង្រឹង និងពង្រីកកាទូតសេដ្ឋកិច្ច។ ការទូតសេដ្ឋកិច្ចនេះរបស់កម្ពុជា បន្តស្ដែងឡើង៖

*ទី១៖ តាមរយៈជំនួបទ្វេភាគីរដ្ឋាភិបាល-រដ្ឋាភិបាល នាឱកាសទស្សនកិច្ចរបស់សម្ដេចបវរធិបតី នៅបរទេសម្ដងៗ តែងតែឆ្លៀតផ្សព្វផ្សាយផលិតផលកម្ពុជា វិស័យទេសចរណ៍កម្ពុជា និងតែងតែជំរុញរដ្ឋាភិបាលបរទេសនីមួយៗ ឲ្យលើកទឹកចិត្តវិស័យឯកជនមកដាក់ទុនរកស៊ីនៅកម្ពុជា។

*ទី២៖ តាមរយៈជំនួបរវាងរដ្ឋាភិបាល និងវិស័យឯកជនបរទេស នៅបរទេស ឬនៅកម្ពុជា គឺសុទ្ធសឹងជាការចូលរួមផ្ទាល់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាធុរកិច្ចតូចឬធំ, សុទ្ធសឹងជាជំនួបសំណេះសំណាលគ្នាផ្ទាល់ រវាងសម្ដេចបវរធិបតី និងបណ្តាក្រុមហ៊ុនបរទេស ខ្នាតតូច មធ្យម និងធំ។ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រឹងប្រែងបញ្ចុះបញ្ចូលធុរជន និងវិនិយោគិនបរទេស ឲ្យមកបង្កើនទុន ឬមកដាក់ទុនរកស៊ីនៅកម្ពុជា។ ទាំងនេះជាឱកាស ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទេសចរណ៍សម្បូរបែបរបស់កម្ពុជា។

*ទី៣៖ រដ្ឋមន្ត្រីនៃក្រសួងនីមួយៗ តាមរយៈការចូលរួមពិព័រណ៌ និងការបង្កើតព្រឹត្តិការណ៍ផ្សេងៗ នៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា ថាមពល ឧស្សាហកម្ម ការងារ ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ ឬអន្តរជាតិ។

លោកបានសង្កត់ធ្ងន់ថា មុខព្រួញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន ជំរុញពាណិជ្ជ កម្មអន្ដរជាតិ បានន័យថា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។

ក្នុងរយៈពេល១០ខែចុងក្រោយនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។ កំណើននៃទំហំពាណិជ្ជកម្មនេះ បានមកជាអាទិ៍ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ឥណ្ឌូណេស៊ី និងឡាវ។

ចំពោះការទាក់ទាញវិនិយោគវិញ ៣ខែចុងក្រោយនេះ ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន១២២ ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន៥៤គម្រោង។ ទាំងអស់នេះ ក្នុងទុនវិនិយោគសរុបប្រមាណជិត២ប៊ីលានដុល្លារ បង្កើតបានជាការងារប្រមាណ៧ម៉ឺនកន្លែង។ បើនិយាយពីរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤វិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ទាំងអស់នេះក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា, បង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។