(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានធ្វើការកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានក្នុងរយៈពេលចុងក្រោយនេះ។
លោក ប៉ែន បូណា បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុគម្រប់១៥ខែគត់។ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ មានភាពចាស់ទុំ រឹងមាំ និងសកម្មក្លៀវក្លា ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនជូនជាតិ និងប្រជាជន។
លោកបានរំលឹកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះមុំ៥៖ ការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។ មុំទាំង៥មានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាន់សភាពការណ៍ និងស្របតាមនិន្នាការពិភពលោកដោយឥតមានខ្វះចន្លោះត្រង់ណាមួយឡើយ។
ជាមួយគ្នានេះ លោក ប៉ែន បូណា បានបង្ហាញវឌ្ឍនភាពកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលត្រូវបានប្រកាសឲ្យអនុវត្តជាបន្ទាន់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលដែលសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម។ កម្មវិធីគោលនយោបាយទាំង៦ចំណុចនេះ ត្រូវបានដាក់ចេញដើម្បីគាំពារប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ។។ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាការចាំបាច់ណាស់ដែលរាជរដ្ឋាភិបាលត្រូវជួយពលរដ្ឋដែលមានចំណូលទាបមុនគេ ដើម្បីឲ្យពួកគាត់មានចំណូលខ្ពស់។
កម្មវិធីគោលនយោបាយអាទិភាពទាំ៦មាន៖ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់កូនអ្នកក្រីក្រ និងងាយរងហានិភ័យ, ការពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យ, យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកកសិកម្ម រកទីផ្សារ និងការរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយអ្នកជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់។
លោក ប៉ែន បូណា បានបន្ដទៀតថា ចំពោះផលផ្លែផ្កាដែលបានមកពីសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ជាក់ស្ដែង អំឡុងព្រះរាជពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស សរុបរាប់លាននាក់បានដើរកម្សាន្តសប្បាយពេញផ្ទៃប្រទេស ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។ ភាពសប្បាយរីករាយប្រកបដោយស្នាមញញឹម និងសុវត្ថិភាព កើតឡើងដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ក្រៅពីសុខសន្តិភាព ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ជាកត្តាស្លាប់រស់មួយ សម្រាប់ប្រទេស។ ប្រសិនបើអតិផរណាកើនឡើងខ្ពស់ ប្រាក់រៀលហើមខ្លាំង ពេលនោះបញ្ហាធំណាស់ ភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចនឹងកើតមានឡើង ហើយប្រជាពលរដ្ឋរងគ្រោះធំ។ ប៉ុន្តែ ដោយសាររាជរដ្ឋាភិបាលរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់មិនឲ្យអតិផរណាឡើងខ្ពស់ ធ្វើឲ្យអត្រាប្តូរប្រាក់រៀល និងដុល្លារនៅថេរបានល្អ កម្លាំងទិញនៃប្រាក់រៀលនៅតែរក្សាបាន ខណៈដែលការនាំចេញនៅតែមានការកើនឡើង។ ទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាជាផ្លែផ្កានៃគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល។
សមិទ្ធផលសំខាន់ទៀត គឺការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដី ដែលរាជរដ្ឋាភិបាលកម្ពុជា បើកឲ្យពលរដ្ឋស្វែងយល់ព្រំដែន និងមូលនិធិព្រំដែន។ ចំណុចលេចធ្លោមួយដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទាំងអស់គ្នាបានកត់សម្គាល់រយៈពេលចុងក្រោយនេះ គឺពាក់ព័ន្ធនឹងការងារព្រំដែនដែលស្ថិតក្នុងក្របខ័ណ្ឌ នៃកិច្ចការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។
លោកបន្ថែមថា ដំណើរកម្សាន្តនេះទទួលបានជោគជ័យធំធេងណាស់ស្របតាមគោលដៅដែលបានគ្រោងទុក។ ជោគជ័យដោយសារ ប្រជាពលរដ្ឋដែលបានចូលរួមដំណើរកម្សាន្តនេះ បានយល់ច្បាស់ស្រឡះក្នុងចិត្តអំពីរឿងព្រំដែន ពោលកាលពីមុនដែលពួកគាត់មិនទាន់បានទៅមើលជាក់ស្តែង និងមិនទាន់បានយល់ពីការងាររបស់រាជរដ្ឋាភិបាល ពួកគាត់អាចជឿ ឬមានមន្ទិលសង្ស័យ នៅពេលមានការឃោសនាភូតកុហកថា បង្គោលព្រំដែនចេះដើរ បង្គោលព្រំដែនត្រូវបានប្រទេសជិតខាងលួចបង្ខិតជារៀងរាល់ថ្ងៃ ឬថាថ្នាក់ដឹកនាំកម្ពុជា កាត់ទឹកដីឲ្យប្រទេសជិតខាងជាដើម។
នៅពេលដែលប្រជាពលរដ្ឋបានទៅឃើញផ្ទាល់ភ្នែក នូវបង្គោលព្រំដែន ផ្លូវក្រវ៉ាត់ព្រំដែន ប៉ុស្តិ៍នគរបាលវរការពារព្រំដែន និងជីវភាពប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ជាពិសេសសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមខ្សែបន្ទាត់ព្រំដែន ប្រជាពលរដ្ឋបានយល់ច្បាស់ពីយុទ្ធសាស្ត្រការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យការឃោសនាភូតកុហកនានាសាបរលាបទាំងស្រុង។ នេះហើយជាជោគជ័យ និងជាគោលដៅដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីចង់បាន។ នេះបើតាមលោក ប៉ែន បូណា គូសបញ្ជាក់។
លោកបន្ដទៀតថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលក៏ជាគំនិតផ្តួចផ្តើម និងសម្រេចដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតមូលនិធិនេះដោយយោងតាមនិន្នាការពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋ ដែលចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ក្នុងរយៈពេលខ្លីប៉ុណ្ណោះមានពលរដ្ឋជិតមួយលាននាក់ បានបរិច្ចាគក្នុងមូលនិធិនេះដោយទួលបានថវិកាសរុបជាង២៧លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក ចំពោះដំណោះស្រាយបញ្ហាដីធ្លី ដែលពីមុនទំនាស់ដីធ្លីពុះកញ្ជ្រោលយ៉ាងខ្លាំង ត្រូវបានលោក ប៉ែន បូណា ឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការចុះបញ្ជីដីបង្ហើយ ក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា ភូមិឋានក្សេមក្សាន្ត។
កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណ៧លានបណ្ណ។ ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួន៣លានក្បាលដី និងចេញបណ្ណចំនួន៥៩ម៉ឺនបណ្ណ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១,៥ លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងចំណោមវិវាទដីធ្លីចំនួន ១៥,៦៩០ករណី ក្រសួងបានសម្របសម្រួលដោះស្រាយចំនួន១៤,៩១៩ករណី គឺនៅសលើតែ១,០៤១ករណីប៉ុណ្ណោះ៕