(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានិត ក្នុងនាមតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធអគារទីចាត់ការសាលា១ជាន់ កម្ពស់២ជាន់ ព្រមទាំងបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣០ និងបើកវគ្គជំនាន់ទី៣១។

លោក ហ៊ុន ម៉ានិត បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីនេះ ដើម្បីធ្វើជាសាក្សីដែលទទួលបានសមិទ្ធផលថ្មីមួយទៀតនៅក្រោមម្លប់សន្តិភាព។

លោក ហ៊ុន ម៉ានិត ក៏សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាព សម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់ កងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ច ចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យ នៃដំណើរការកែទម្រង់ទាំងមូល។

លោកក៏សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី នៅតាមបណ្តោយព្រំដែនបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូល ឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព ខណៈដែលតំបន់មួយចំនួនមានធាតុឤកាសត្រជាក់ នៅក្នុងរដូវកាលខែកត្តិកនេះ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ម្លប់នៃសន្តិភាព គឺបានផ្ដល់ឱកាស ឱ្យយើងគ្រប់បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា។ រីឯប្រជាពលរដ្ឋវិញក៏មានឱកាសដើម្បីបង្ករបង្កើនផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅប្រសើរឡើង៕