(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា១ខ្នង មាន៤បន្ទប់ ដែលមានបណ្តោយ៣៤ម៉ែត្រ និងទទឹង១២ម៉ែត្រ ដែលស្ថិតនៅបរិវេណសាលាមត្តេយ្យសិក្សាសំពៅ ស្ថិតក្នុងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។

ពិធីនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកអភិបាលស្រុកផងដែរ។

លោកអភិបាលខេត្តបានថ្លែងថា ចំពោះការសាងសង់អគារសិក្សាថ្មីនេះ គឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្ស ជាអាទិភាពទី១។

លោកគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយ និងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ។

ជាមួយគ្នានេះ ផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ២០២៣-២០២៨ ដែលឈរលើគោលនយោបាយធំៗពីរ៖ ទី១. ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងទី២. ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕