(ភ្នំពេញ)៖ លោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការទូតសេដ្ឋកិច្ច នៅតែជាមុខព្រួញដ៏សំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា ដើម្បីឈានទៅរកប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
តាមរយៈវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានឲ្យដឹងថា តាំងពីសង្គ្រាមត្រជាក់ចប់ដាច់ស្រេចមក ពិភពលោក និងតំបន់នីមួយៗនាំគ្នាដើរចេញពីសមរភូមិមនោគមវិជ្ជា នឹងចាប់ផ្ដើមការប្រឈមមុខដាក់គ្នាបែបសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដោយគោលដៅដណ្ដើមគ្នាធ្វើអ្នកមាន។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «យុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងដើរទៅរកចក្ខុវិស័យ២០៣០ និង២០៥០ មានគោលដៅធំតែមួយគត់ គឺសេដ្ឋកិច្ច [...] ម្លោះហើយនៅក្នុងបរិបទសកល នៅក្នុងបរិបទតំបន់ និងនៅក្នុងបរិបទកម្ពុជា ដែលឱ្យតម្លៃខ្លាំងណាស់ដល់សេដ្ឋកិច្ច, ការទូតសេដ្ឋកិច្ច គួរតែជាមុខព្រួញសំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា»។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា បើក្រឡេកទៅមើលការជាប់ឆ្នោតចុងក្រោយនេះរបស់ លោក Donald Trump នៅអាមេរិក អាចអះអាងថា តាមបណ្តារដ្ឋនានាក្នុងពិភពលោកបច្ចុប្បន្ន គឺមិនមែនសង្គ្រាមមនោគមវិជ្ជាទៀតនោះទេ ចំណុចសំខាន់គឺសេដ្ឋកិច្ច និងដណ្តើមគ្នាប្រមូលយកប្រយោជន៍មកចិញ្ចឹមកំណើនសេដ្ឋកិច្ចនៃប្រទេស មកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងមកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋរបស់ប្រទេសនីមួយៗរៀងៗខ្លួន។
លោកជឿជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងបរិបទនេះ ដែលបាននិងកំពុងបន្តស្វែងរកនៅលើឆាកតំបន់ និងអន្តរជាតិ តាំងពីខែសីហាឆ្នាំ២០២៣មក គឺប្រយោជន៍សេដ្ឋកិច្ច តាមរយៈការទូតសេដ្ឋកិច្ចដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងន័យនេះ លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ផ្ទះ គួររួបរួមគ្នាផ្សព្វផ្សាយពីមុខមាត់នៃកម្ពុជា ដើម្បីជាផលប្រយោជន៍ដល់ជាតិ និងឲ្យពិភពលោកដឹងថា កម្ពុជាជាប្រទេសមានសន្តិភាព សុខសុវត្ថិភាព និងស្នាមញញឺម ភាពស្លូតបូតការរាក់ទាក់បែបធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរ៕