(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣នៃភាគីកម្ពុជា និងលោក CHONG WONG O អភិបាលក្រុងស៊ុងដុង-ហ្គូ និងគណៈប្រតិភូអមដំណើរមួយចំនួនទៀត នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង។
បន្ទាប់ពីបានណែនាំខ្លួនបានស្គាល់គ្នាពីសមាសភាពភាគីទាំង២រួចមក លោកអភិបាលខេត្ត សុខ លូ បានថ្លែងប្រាប់អំពីការជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងបានបង្ហាញពីវឌ្ឍនភាព ដែលបាននិងកំពុងកសាងហេដ្ឋារចនាសម្ពន្ធទាំងទីក្រុង និងស្រុកជនបទមានបរិស្ថានស្អាតល្អស្រស់បំព្រង ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្នុងតំបន់ជាទីក្រុងស្អាតកន្លងមក និងជាប់ឈ្មោះទីក្រុងឆ្លាតផងដែរ។
លោកអភិបាលខេត្តបានបន្តថា ខេត្តបាត់ដំបងមានសក្តានុពលខ្លាំងលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងវិស័យផ្សេងៗទៀតផងដែរ ក្នុងនោះខេត្តបាត់ដំបងក៏នៅខ្វះដៃគូរ ហើយតែងតែកៀរគរវិនិយោគិនមកពីគ្រប់មជ្ឈដ្ឋាន
ដើម្បីសហការជាមួយគ្នា ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលខ្ពស់ មានជីវភាពធូរធានាពេលអនាគតផងដែរ។
លោក សុខ លូ បានបញ្ជាក់ថា រវាងភាគីទាំងពីរ នៅមិនទាន់អាចចុះហត្ថលេខាលើអនុស្សរណៈណាមួយបាននៅឡើយទេ
ពីព្រោះភាគីទាំងពីរទើបតែបានទទួលស្គាល់ត្រឹមក្រសួងមហាផ្ទៃប៉ុណ្ណោះ យើងត្រូវរងចាំមួយរយៈទៀត ដោយមានការទទួលស្គាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមុនសិន ទើបអាចុះហត្ថលេខាលើអនុស្សរណៈណាមួយនោះបាន។ តែពេលនេះយើងនឹងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការមួយជំហានសិនបុណ្ណោះ។
លោកអភិបាលក្រុងស៊ុងដុង-ហ្គូបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានជួយសម្របសម្រួលដល់គណៈប្រតិភូកូរ៉េបានបើកកិច្ចប្រជុំពិភាក្សានេះជាមួយគ្នាបានដោយជោគជ័យ។
លោកអភិបាលក្រុងបានបញ្ជាក់ថា នៅកិច្ចប្រជុំនាថ្ងៃនេះ គឺមានគោលបំណងនិងបានបើកវិទ្យាស្ថានភាសាកូរ៉េ នៅសាលា Dewey ឱ្យមានប្រសិទ្ធភាពការងារ ដោយរួមសហការជាមួយសាកលវិទ្យាល័យ Dewey international និងនៅពេលអនាគត គំនិតផ្តួចផ្តើមផ្តល់ចំណេះដឹងនិងវប្បធម៌ដល់និស្សិតកូរ៉េសម្រាប់និស្សិតកម្ពុជាតាមក្តីស្រមៃជាមួយគ្នា។
ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងស៊ុងដុង-ហ្គូក៏បានជម្រាបជូនថា នៅថ្ងៃស្អែកនេះ ប្រតិភូរបស់លោកមានកិច្ចសហការជាមួយក្រុមហ៊ុន Dewey international ក្នុងខេត្តបាត់ដំបង និងចូលរួមកាត់ខ្សែបូបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅសាលាឌូវី នៅទីតាំងសាខាថ្មីមួយទៀត សាលាឌូវី ក្រុងបាត់ដំបង (ផ្លូវចូលបុរីរំចេក) ផងដែរ៕