(ភ្នំពេញ)៖ លោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញពីឆន្ទៈរបស់កម្ពុជាដែលនៅតែបន្តខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិឱ្យទៅមុខបន្ថែមទៀត បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាយ៉ាងណាក្ដី។
ការលើកឡើងបែបនេះរបស់លោក តាន់ហ្សង់ ហ្វ្រង់ស័រ តាមរយៈសន្និសិទ្ធសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» និងដើម្បីបង្ហាញអំពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ខែចុងក្រោយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលល្អលើវិស័យពាណិជ្ជកម្ម ការវិនិយោគបរទេស និងទេសចរ មិនមែនបានន័យថា សេដ្ឋកិច្ចពិភពលោកងើបក្បាលឡើងវិញនោះទេ […....] លទ្ធផលល្អទាំងឡាយបានមកពីនយោបាយសេដ្ឋកិច្ចការទូតរបស់កម្ពុជា ជាពិសេសការផ្សព្វផ្សាយរបស់យើងម្នាក់ៗ ដែលផ្សព្វផ្សាយល្អពីកម្ពុជា។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា វិបត្តិសកលអូសបន្លាយតាំងពីឆ្នាំ២០២០មក មានលក្ខណៈរ៉ាំរ៉ៃ និងដុនដាបមក ទល់សព្វថ្ងៃ ដោយហេតុតែ ១៖ ផលវិបាកនៃការរាតត្បាតដោយជំងឺកូវីដ១៩ ដែលបានធ្វើឱ្យម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកគាំងដំណើរ, ២៖ គឺសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងក្រោយមកទៀត សង្គ្រាមអ៊ីស្រាអែល នៅGaza និងនៅខាងត្បូងLiban។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា លទ្ធផលឆ្នោតនៅអឺរ៉ុបបង្ហាញឱ្យឃើញនូវការលេចឡើងនៃប្រជានិយមជ្រុល។ ទន្ទឹមនេះ នៅក្នុងពិភពលោកគ្មានកំពូលមហាអំណាចចេញមុខធានា ការពារសណ្តាប់ធ្នាប់ពិភពលោកទេ បើនិយាយពីអាមេរិកទូលពិភពលោកលែងរួចហើយ រីឯរុស្ស៊ីក៏មិនអាចទូលពិភពលោករួចដែរ ចំណែកចិនវិញប្រហែលជាមិនចង់ទូលពិភពលោកនោះទេ។
បើតាមការឲ្យដឹងរបស់លោក តាន់ហ្សង់ ហ្វ្រង់ស័រ ស្ថានភាពសេដ្ឋកិច្ចពិភពលោកអាចនឹងនៅបន្តដុនដាបតទៅមុខទៀត។ ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវតែបន្តប្រឹងប្រែង ជំរុញសេដ្ឋកិច្ចជាតិឱ្យទៅមុខ និងរក្សាឱ្យទាល់តែបានស្ថិរភាពនយោបាយ សន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ច នៃប្រទេសបន្តអភិវឌ្ឍន៍៕