(ភ្នំពេញ)៖ បន្ទាប់ពីកើតរឿងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យានោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសសចរណ៍ បានកោះប្រជុំនិងដឹកនាំកិច្ចសម្របសម្រួលដោះស្រាយវិវាទរវាងអតិថិជន៨២គ្រួសារ និងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ខណៈកិច្ចសម្របសម្រួលជំហានដំបូងនេះសម្រេចបានលទ្ធផលវិជ្ជមាន២ចំណុច។

សូមរំឭកថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដោយសារភ្នាក់ងារទេសចរណ៍នេះបានខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ក្រោមក្របខ័ណ្ឌសមត្ថកិច្ចក្រសួងទេសចរណ៍ ក្រសួងនឹងចេញសេចក្តីសម្រេចស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ យោងតាមច្បាប់ និងនីតិវិធីជាធរមាន។

ដើម្បីជួយដល់ជនរងគ្រោះទាំង៥២គ្រួសារនោះ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដឹកនាំកិច្ចសម្របសម្រួលដោះស្រាយវិវាទនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធានសមាគមទេសចរណ៍កម្ពុជា មេធាវីតំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) និងតំណាងគ្រួសាររងគ្រោះសរុបចំនួន៥៩នាក់។

បើតាមក្រុមអតិថិជនជាជនរងគ្រោះលើកឡើង ពួកគាត់ខ្លះបានទិញកញ្ចប់ទស្សនកិច្ចទៅលេងប្រទេសម៉ាឡេស៉ី និងសិង្ហបុរី (អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក) ខ្លះទៀតជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ដើម្បីទិញសំបុត្រយន្តទៅក្រៅប្រទេស (ទាំងទៅ ទាំងមក) ប៉ុន្តែបែរជាភ្នាក់ងារទេសចរណ៍នេះមិនបំពេញកាតព្វកិច្ចនេះឱ្យបានគ្រប់គ្រាន់ ជាហេតុនាំឱ្យក្រុមអតិថិជនភាគច្រើនខកខានមិនបានទៅលេងក្រៅប្រទេស អ្នកខ្លះទៅដល់ហើយ តែពេលត្រឡប់មកវិញគ្មានសំបុត្រយន្តហោះដែលភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ត្រូវកក់ទុកឱ្យនោះ។ ការមិនបំពេញតាមកាតព្វកិច្ចនេះបានបង្កឱ្យមានជំងឺចិត្ត និងព្យសនកម្មចំពោះក្រុមអតិថិជនសរុប៨២គ្រួសារ ដែលគិតជាទឹកប្រាក់មានទំហំប្រមាណ ២៦៥,០០០ដុល្លារអាមេរិក។

បើតាមមេធាវី២រូបដែលតំណាងឱ្យកូនក្ដី គឺអ្នកស្រី អ៊ុក រដ្ឋា អតីតនាយិកាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល បានបញ្ជាក់ថា កូនក្ដីរបស់ខ្លួនមានឆន្ទៈក្នុងការដោះស្រាយវិវាទនេះពិតប្រាកដ និងកំពុងរិះរកវិធីលក់ទ្រព្យសម្បត្តិដែលខ្លួនមាន ដើម្បីយកប្រាក់មកសងជូនអតិថិជនវិញទាំងអស់។ អ្វីដែលសំខាន់ គឺការព្រមព្រៀងគ្នាថានឹងត្រូវដោះស្រាយសំណងជាដំណាក់កាលៗ ដ្បិតការលក់ឡៃឡុងទ្រព្យទាំងនេះមិនអាចលក់បានភ្លាមៗដែរ ហើយទោះជាយ៉ាងណាការផ្ដល់សំណងទាំងនេះមិនឱ្យខ្វះជូនជនរងគ្រោះម្នាក់ណាឡើយ។

ពាក់ព័ន្ធនឹងករណីវិវាទខាងលើ ដើម្បីធានាបាននូវបរិយាកាសសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរដែលមាននៅក្នុងលិខិតស្នើសុំអន្តរាគមន៍របស់តំណាងប្រជាពលរដ្ឋរងគ្រោះ កិច្ចប្រជុំខាងលើបានរៀបចំឡើងក្នុងគោលបំណងជួយសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងអតិថិជនដែលជាប្រជាពលរដ្ឋរងគ្រោះ។

ក្នុងន័យនេះ ដោយឈរលើយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងក្រោមការសម្របសម្រួលរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ជាលទ្ធផល ភាគីជនរងគ្រោះ និងតំណាងភាគីភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល បានឯកភាព និងព្រមព្រៀងដូចខាងក្រោម៖

១. បង្កើតក្រុមការងារចំពោះកិច្ចមួយដែលមានសមាសភាពត្រីភាគី (តំណាងក្រសួងទេសចរណ៍ តំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងប្រជាពលរដ្ឋរងគ្រោះ)។

២. ពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសះជា ដាក់ជូនគូភាគីពិនិត្យ និងផ្តល់យោបល់ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងសះជា។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងទេសចរណ៍បានអំពាវនាវដល់អតិថិជនដែលជាជនរងគ្រោះ សូមទាក់ទងមកក្រសួងទេសចរណ៍តាមរយៈលោក មុយ សែ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ ដែលមានលេខទូរសព្ទ ០៧៨ ៣៩៩ ២២៧ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕