(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរដល់ទូកង «កោះកេរធិបតី» ដែលបានចូលរួមប្រកួត រហូតដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ពិធីដង្ហែក្បួននិងអបអរសាទរ ទូកង «កោះកេរធិបតី» និងទូកង «ព្រះខ័នធិបតី» និងទូកង «ព្រះវិហារសែនជ័យ» ត្រូវបានធ្វើឡើងចាប់ពីចំណុចផ្លូវភ្លោះមុខសាលាខេត្តព្រះវិហារ កាត់ភ្លោះម្លូរព្រៃ និងផ្លូវភ្លោះកោះកេរ និងផ្លូវជាច្រើនខ្សែទៀតក្នុងក្រុងព្រះវិហារ ក្រោមវត្តមានចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ក្រោមស្នូរទះដៃ និងសម្រែកជ័យឃោសយ៉ាងកងរំពងពីសំណាក់មហាជន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវ។

គួររំលឹកថា ការប្រណាំងទូករយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាលទ្ធផលទូកអុំគូរពិសេស ដែលជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ជាទូករបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ទូកលេខ២ បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាលជាទូករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ជាទូករបស់រដ្ឋបាលខេត្តព្រះវិហារ។

ក្នុងព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២២៤នេះ មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន៣៤៦ទូក និងមានកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការទូកចូលរួមសរុបជាង២ម៉ឺននាក់។ ព្រះរាជពិធីដែលមានរយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមបរិយាកាសដ៏សប្បាយរីករាយ ដោយមានអ្នកចូលរួមលេងកម្សាន្ត និងទស្សនារាប់លាននាក់។

សម្រាប់ខេត្តព្រះវិហារ មានទូកងចំនួន២គ្រឿង បានបញ្ជូនទៅចូលរួមប្រគួតក្នុងព្រះរាជពិធី អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅឯរាជធានីភ្នំពេញ ហើយទទួលបានជ័យលាភីជូនខេត្ត រួមមាន៖
ទី១-ទូកងឈ្មោះ «កោះកេរធិបតី» ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស
ទី២-ទូកង ឈ្មោះ «ព្រះខ័នធិបតី» ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៦១។ ក្រៅពីពិធីដង្ហែរទូកង ក៏មានពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីដូនតា ពិធីអុជកាំជ្រូច និងពិធីជួបជុំពិសាអាហារសាមគ្គីយ៉ាងសប្បាយរីករាយផងដែរ៕