(ភ្នំពេញ)៖ ការប្រកួតលើវិញ្ញាសាប្រណាំងដ្រូន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យាលើកទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច។

ទស្សនិកជននិងសាធារណជនទាំងអស់អាចចូលរួមទស្សនាដោយសេរីនូវការប្រកួតពីបេក្ខជនមានសមត្ថភាព និងមានសក្ដានុពលលើផ្នែកបច្ចេកវិទ្យា ជាពិសេសការប្រណាំងដ្រូន។ ក្នុងនោះដែរមានបេក្ខជនមកពីបណ្ដាវិទ្យាល័យ និងសកលវិទ្យាល័យប្រមាណ១០ក្រុមនៅរាជធានីភ្នំពេញ ដែលត្រូវចូលរួមប្រកួតដើម្បីស្វែងរកជើងខ្លាំងទៅដណ្ដើមពានរង្វាន់លើវិញ្ញាសាប្រណាំងដ្រូន នាពេលខាងមុខនេះ។

គួរជម្រាបថា កាលពីកន្លងទៅ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដំបូង ក្រុមការងារ ATC Lab បានបណ្តុះបណ្តាលនិងតម្រង់ទិសបន្ថែមដល់បេក្ខជនដែលបានជាប់ឈ្មោះក្នុងការប្រកួតទៅលើវិញ្ញាសាទាំង៤ ដោយឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃយ៉ាងតឹងរឹងពីគណៈកម្មការនៃកម្មវិធី Air & Tech Competition ដើម្បីឆ្ពោះទៅកាន់វគ្គប្រកួតដណ្ដើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យា នៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ ចុងឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា ការប្រកួតស្នាដៃបច្ចេកវិទ្យា Air & Tech Competition ឆ្នាំ២០២៤ មានវិញ្ញាសាធំៗចំនួន៤ រួមមាន៖ ១-ការប្រកួតមនុស្សយន្ត ២-ការប្រកួតរ៉ូបូតចម្បាំង ៣-ការប្រកួតយន្តហោះបញ្ជា ​និង៤-ការប្រកួតប្រណាំងដ្រូន។បេក្ខជនជយលាភីទាំង៤វិញ្ញាសានឹងទទួលបានមេដាយ ពានរង្វាន់ ប័ណ្ណសរសើរ ព្រមទាំងប្រាក់រង្វាន់សរុបរហូត២១លានរៀល៕