(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញប្រកាសផ្លូវការ អំពីកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដែលនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា ដែលនឹងត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្រ្តី។

ការបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ៖

១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖
១៖ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
២៖ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
២៖ ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

នេះជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកទី២ហើយ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ លោក សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយលោក ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួស លោក សុខ សូកេន៕