(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចេញសេចក្តីជូនដំណឹងរួមគ្នាថ្មីមួយ ដោយបញ្ជាក់អំពីលក្ខខណ្ឌតម្រូវសម្រាប់ក្រុមហ៊ុនដែលចង់នាំចូលសាច់បង្កក។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដើម្បីអាចប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកបាន ក្រុមហ៊ុនត្រូវមានការទទួលស្គាល់ជាជាមុន ជាក្រុមហ៊ុនមានគុណវុឌ្ឍ ដោយត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវមានលក្ខណសម្បត្តិ តាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
* មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់»
* មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់
* ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង
* ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕