(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង បានចំណាយថវិកាសរុប ៤៤០លានរៀល ឧបត្ថមបន្ថែមដល់ទូកងចំនួន៣មកពីខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តពោធិ៍​សាត់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកន្លងទៅ​នេះ។

ទូកដែលលោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភនេះរួមមាន៖

១៖ ទូកង ឈ្មោះ ទ្រីភាពឧត្តមសែនជ័យបារមីទេពី មកពីខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់​លេខ១៥ លើផ្នែកល្បឿន និងចំណាត់ថ្នាក់លេខ១ លើផ្នែកសោភ័ណភាព។ ទូកនេះទទួលបាន​ការឧបត្ថម្ភ​ឈុតខោអាវកីឡាករ ២៧០ឈុត, អង្ករ ១០តោន, គ្រឿងឧបភោគបរិភោគ និងប្រាក់​លើក​ទឹកចិត្ត ៩២,០០០,០០០ រៀល សរុបស្មើនឹង ១៥០,០០០,០០០រៀល។

២៖ ទូកង ឈ្មោះ ទ្រីភាពសែនជ័យបារមីតេជោ មកពីខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ ៦០លើផ្នែកល្បឿន។ ទូកនេះទទួលបានការឧបត្ថម្ភនូវ ឈុតខោអាវកីឡាករ ២៧០ឈុត,
អង្ករ ១០តោន, គ្រឿងឧបភោគបរិភោគ និងប្រាក់លើកទឹកចិត្ត ៩២,០០០,០០០រៀល សរុបស្មើនឹង ១៥០,០០០,០០០រៀល។

៣៖ ទូកង ឈ្មោះ រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង បានទទួលចំណាត់ថ្នាក់ លេខ៦ ដែលជាទូករបស់ឯកឧត្តម ស៊ុយ សែម មកពីខេត្តពោធិ៍សាត់ ទទួលបានការឧបត្ថម្ភ ទាំង​ស្រុង​ពីលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ ការឧត្ថម្ភ​ទាំង​នេះរួមមាន ឈុតខោអាវកីឡាករ ៣០០ឈុត និងថវិកា ១០០,០០០,០០០រៀល សរុបស្មើនឹង ១០៧,២០០,០០០រៀល។

សរុបការចំណាយការឧបត្ថម្ភដល់កីឡាករទូកង ទូកអុំបុរសទាំងបី និងការចំណាយ​ផ្សេងៗទៀត សម្រាប់ពិធីប្រណាំងទូកង ទូកអុំបុរសនេះក្នុងឆ្នាំ២០២៤ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចំណាយថវិកាផ្ទាល់ខ្លួនអស់​ថវិកាចំនួន ៤៤០,០០០,០០០៕