(បាត់ដំបង)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលកន្លងផុតទៅថ្មីៗនេះ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» បានឆក់យកបេះដូងប្រជាពលរដ្ឋស្ទើរតែពេញផ្ទៃប្រទេស ដោយសារតែភាពទន់ភ្លន់ និងភាពប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ខ្មែររបស់ទូកងនេះ។

ជាមួយនឹងប្រជាប្រិយភាពរបស់ទូកងនេះ មានជនខិលខូចមួយចំនួន បានក្លែងបន្លំបង្កើត Page Facebook ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដោយធ្វើការរៃអង្គាលលុយពីប្រជាពលរដ្ឋ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ។

ជាមួយគ្នានេះ Facebook Page ផ្លូវការរបស់ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកជនឆក់ឱកាសទាំងនោះ។

Facebook Page ផ្លូវការរបស់ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» បានលើកឡើងដូច្នេះ៖ «សូមគោរពជម្រាបជូនបងប្អូនដែលតាមដានផេក នរិន្ទរង្សីពិជ័យចិត្របុត្រ មេត្តាជ្រាបថា យើងបានរកឃើញ និងទទួលបានដំណឹងអំពីគណនី ដែលយកឈ្មោះយើងទៅប្រើ ហើយប្រើពាក្យពេចន៍មិនសមរម្យ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពោល គឺរកលុយតាមហ្វេសប៊ុកតាមរយៈ View និងរៃអង្គាសប្រាក់ ក្រោមរូបភាពស្វែងរកការផ្ដល់ជំនួយ (ឆបោក)។

ផេកហ្វេសប៊ុកផ្លូវការរបស់ទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ វត្តឯករង្សី មានតែមួយគត់ ហើយគណនី Tik Tok ឬគណនីផ្សេងទៀតក៏ពុំមានដែរ។ រាល់ផេក ឬគណនីទាំងឡាយណា ដែលយកឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅប្រើសូមកែប្រែឲ្យបានឆាប់។ សូមសាធារណៈជ្រាបជាដំណឹង ជៀសវាងការចាញ់បោក»។

សូមជម្រាប ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទទួលបានពានរង្វាន់ផ្នែកសោភ័ណ និងជាទូកល្បឿនលឿនចំណាត់ថ្នាក់លេខ៥ ទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ កន្លងទៅនេះ៕