(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ ដោយមានការបំពាក់សម្ភារៈ ឧបករណ៍សម្រាប់សិក្សាបង្ហាញត្រាប់ សរុបចំនួន ២៥ ប្រភេទ ឧបត្ថម្ភដោយសាធារណរដ្ឋឆែក។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងលោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមអង្គភាព មន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិក និស្សិត ស.វ.ស ប្រមាណ១២០រូប។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឲ្យបង្ហាញរបាយការណ៍លម្អិតពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។

ជាមួយគ្នានេះលោកសាកលវិទ្យាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក ដែលបានជួយផ្តល់ការគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានលើកឡើងពីសារ:ប្រយោជន៍នៃមន្ទីរពិសោធន៍ថ្មីនេះ ក្នុងការផ្តល់ឱកាសឱ្យនិស្សិតទទួលបានការបណ្តុះបណ្តាល ជាក់ស្តែងលើឧបករណ៍ពេទ្យ ការថែទាំ និងការជួសជុល។

ក្នុងឱកាសនោះដែរលោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីការផ្តោតការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈអមសុខាភិបាល។ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យ និងទីផ្តល់សេវាសុខាភិបាល។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យបានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែររួមមាន៖
១៖ បង្កើនការផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
២៖ សិក្សាលទ្ធភាពក្នុងការពង្រីក pathway
៣៖ កៀរគរស្វែងរកជំនួយអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្របន្ថែម ទាំងលើទិដ្ឋភាពបច្ចេកទេស គរុកោសល្យ និងអាហារូបករណ៍និស្សិត។

លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា ក៏បានស្នើដល់សាធារណរដ្ឋឆែក សូមបន្តជួយគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសលើការបណ្តុះបណ្តាលគ្រូ និងបំពាក់បន្ថែមហេដ្ឋារចនាសម្ព័ន្ធបង្ហាញត្រាប់ សម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។

គួររម្លឹកថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នឹងទទួលបានសញ្ញាបត្រដែលចេញរួមគ្នាដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ជំនាន់ និងមាននិស្សិតសរុបចំនួន ២០នាក់។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH៕