(បន្ទាយមានជ័យ)៖ លោក សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងរដ្ឋប្បវេណី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ សហចុងចម្លើយចំនួន ២រូប ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
សហចុងចម្លើយទី១មានឈ្មោះ ថុង គីមស៊ង់ ភេទស្រី និងឈ្មោះ ឈាង ធារ៉ាក់ ភេទប្រុស រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការចេញដីកាកោះហៅ ឱ្យចូលខ្លួនបំភ្លឺនៅក្នុងនីតិវិធីត្រៀមទាញហេតុផលផ្ទាល់មាត់។
សូមជម្រាបជូនថា ការចុះផ្សាយជាសាធារណៈ នូវដីកាកោះហៅនេះ ធ្វើឡើងតាមលិខិតស្នើសុំរបស់មេធាវីតំណាងឱ្យដើមចោទឈ្មោះ WANG XUEJIAO ភេទស្រី អាយុ៣៧ឆ្នាំ ជាជនជាតិចិន ស្នាក់នៅបុរីដួងច័ន្ទ ផ្ទះលេខk២២ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមពាក្យសុំផ្សាយដីកាកោះតាមសារព័ត៌មានរបស់លោក លូង សុខា មេធាវីតំណាងឱ្យដើមចោទឈ្មោះ WANG XUEJIAO បានបញ្ជាក់ថា កន្លងទៅសហចុងចម្លើយទាំង២នាក់ខាងលើ ពុំដែលមានវត្តមានតាមដីកាកោះហៅ របស់តុលាការនោះទេ ដូច្នោះដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីរបស់តុលាការ ទើបកូនក្ដីរបស់លោកសម្រេចស្នើសុំ លោកប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងចៅក្រមស៊ើបសួរ ចុះផ្សាយដីកាកោះហោះនេះតាមសារព័ត៌មានតែម្ដង៕