(ក្រុងសេប៊ូ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៥ របស់សមាគមច្បាប់អាស៊ាន ដែលបានប្រព្រឹត្តឡើងនៅព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានសមាគមច្បាប់អាស៊ាន ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន អគ្គលេខាធិការរបស់សមាគមច្បាប់អាស៊ាន អគ្គលេខាធិការរងរបស់អាស៊ាន និងសមាជិកសមាជិកានៃសមាគមច្បាប់អាស៊ានប្រមាណ២០០នាក់។

កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់មួយចំនួនទាក់ទងនឹង ខ្លឹមសារនៃរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ សកម្មភាពប្រចាំឆ្នាំ២០២៤របស់សមាគមច្បាប់អាស៊ាន និងកិច្ចសហប្រតិបត្តិការរវាងសមាគមច្បាប់អាស៊ានជាមួយលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់ក្រុមការងារជំនាញរបស់សមាគមច្បាប់អាស៊ាន ក្រុមការងាររៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់សមាគមច្បាប់អាស៊ាន វិទ្យាស្ថានច្បាប់អាស៊ាន និងក្រុមការងាររៀបចំការប្រកួតវាយកូនហ្គោល។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក លី ច័ន្ទតុលា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការរួមចំណែកជាវិជ្ជមានដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បន្ថែមពីនេះទៀត លោកក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញារបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់សមាគមច្បាប់អាស៊ាន ព្រមទាំងផ្សព្វផ្សាយអំពីសកម្មភាពទាំងនោះទៅដល់សាធារណជនផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយលទ្ធផលគួរជាទីមោទនៈដោយមានការចូលរួមជាធាតុចូលយ៉ាងសកម្មពីបណ្តាប្រធានគណៈកម្មាធិការជាតិនីមួយៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រេចបាននូវគោលដៅរួមរបស់សមាគមច្បាប់អាស៊ាន៕