(កំពង់ធំ)៖ លោក ម៉ៅ ចន្ធី អធិការស្រុកនគរបាលសន្ទុក តំណាងឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង បានចូលរួមបុណ្យសពយុវតី៣នាក់ ដែលលង់ទឹកស្លាប់ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិសែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអធិការស្រុក បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ ហេង សុផល ដោយចូលរួមសោកស្ដាយ និងចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនចៅ ជាទីស្រឡាញ់។

លោកបានផ្តាំផ្ញើបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះកុមារសិស្សសាលាតូចៗ និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ។ ក្នុងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង បាននាំយកនូវថវិកា៤០ម៉ឺនរៀល សម្រាប់១គ្រួសារ។

គួរបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹកមានដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ផល្លី ឌីណែត អាយុ១២ឆ្នាំ
*ទី២៖ ឈ្មោះ សុវណ្ណ កណ្ណិកា អាយុ១២ឆ្នាំ
*ទី៣៖ ឈ្មោះ ធន់ ធារ៉ា អាយុ១២ឆ្នាំ៕