(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះរាជបណ្ណាល័យហ្លួងម៉ែ បានចូលរួមតាំងបង្ហាញផលិតផល «សូត្រចាម» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា។
ផលិតផល «សូត្រចាម» រួមមាន សំពត់ហូល ក្រមា ដែលបានដាក់តាំងបង្ហាញទាំងនេះត្រូវបានត្បាញដោយស្រ្តីសហគមន៍ជនជាតិចាម ក្នុងស្រុកកោះសុទិន ខេត្តកំពង់ចាម។
ឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសកម្ពុជា លោកស្រី UIKU Kocaefe និងឯកអគ្គរដ្ឋទូតហ្វីលីពីន លោកស្រី Flerida Ann Camille P. Mayo បានអញ្ជើញមកទស្សនាការដាក់បង្ហាញផលិតផល «សូត្រចាម» ទាំងនេះ។ លោកស្រីឯកអគ្គរដ្ឋទូតទាំងពីររូប បានសម្តែងការចាប់អារម្មណ៍ និងគាំទ្រដល់ស្នាដៃផលិតផល «សូត្រចាម»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា នេះគ្រាន់តែជាជំហានដំបូងឆ្ពោះទៅមុខក្នុងការផ្សព្វផ្សាយផលិតផលសូត្រចាម ធ្វើដោយដៃដ៏វិសេសទាំងនេះ ដែលមិនត្រឹមតែជាក្រណាត់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរចនាដែលបានបន្សល់ទុកជាច្រើនជំនាន់ (ត្រឡប់ទៅដើមសតវត្សទី២០ និងទំនងជាយូរលង់ជាងនេះ)។ ផលិតផល សំពត់ហូល និងក្រមានេះគឺជាមធ្យោបាយដ៏អស្ចារ្យបំផុត ដើម្បីជួយលើកស្ទួយក្រុមគ្រួសារ និងសហគមន៍របស់គាត់និងធានាបាននូវវិធីសាស្រ្តនៃការតម្បាញសូត្រចាមដ៏ប្រណិតនេះ ឱ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ គម្រោងសូត្រចាមគឺជាឧទាហរណ៍មួយនៃការអភិរក្សបេតិកភណ្ឌវប្បធម៌ ក៏ដូចជាគម្រោងសហគ្រាសសង្គម។
នៅក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានទទួលរងនូវអំពើឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ប៉ុន្តែមិនត្រឹមតែការប្រល័យពូជសាសន៍មនុស្សប៉ុណ្ណោះទេ ក៏មានការប្រល័យពូជសាសន៍វប្បធម៌ថែមទៀតផង ដែលរបៀបរស់នៅរបស់ប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងនៅក្នុងបេតិកភណ្ឌវប្បធម៌មួយចំនួនត្រូវបានកំណត់គោលដៅ និង ស្ទើរតែត្រូវបានបំផ្លាញ។
សិល្បៈនៃការត្បាញសូត្រចាម គឺជាឧទាហរណ៍មួយនៃអត្តសញ្ញាណជនជាតិចាម ដើម្បីជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយផ្នែក ហើយគម្រោងនេះ បានឆ្លុះបញ្ចាំងនៅក្នុងក្រណាត់សូត្រទាំងនេះ ធានាថាសិល្បៈ ជំនាញ បច្ចេកទេស និងប្រវត្តិសាស្រ្តនៅពីក្រោយឧស្សាហកម្មនេះមិនត្រូវបានបាត់បង់ ប៉ុន្តែត្រូវបានបង្កើតឡើងឡើងវិញ សម្រាប់មនុស្សជំនាន់ក្រោយ។
គួររំឭកផងដែរគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងឆ្នាំ២០២១ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) តាមរយៈស្ថានទូតតួកគីប្រចាំកម្ពុជា។ គោលបំណងនៃគម្រោងនេះគឺដើម្បីថែរក្សាស្នាដៃត្បាញសូត្រ ការប្រើប្រាស់ពណ៌ និងគោម តាមរយៈការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអាចបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍។ គោលដៅគម្រោងសូត្រចាមនេះ គឺធ្វើយ៉ាងណាឱ្យមានការរំឭកឡើងវិញ និងទទួលស្គាល់អំពីស្នាដៃតម្បាញនេះ ទាំងក្នុង និងក្រៅប្រទេស។
បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញដោយរបបខ្មែរក្រហម សហគមន៍ចាមបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ១៩៧៩។ ជនជាតិចាមបានរំឭកឡើងវិញនូវការចងចាំក្នុងរបបខ្មែរក្រហម ក៏ដូចជាសិល្បៈ និងសិប្បកម្មតម្បាញសូត្ររបស់ខ្លួនមុនរបបខ្មែរក្រហមដែរ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលអ្នកត្បាញសូត្រជនជាតិចាមតិចតួចប៉ុណ្ណោះដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ហើយសូត្រចាមទៀតសោតក៏នៅសេសសល់តិចតួចបំផុតដែរ៕