(កំពង់ចាម)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ចាម ស្ដីអំពីគម្រោងបង្កើតឃ្លាំងស្តុកកសិផលកសិកម្ម របស់ប្រជាកសិករដើម្បីនាំចេញទៅក្រៅប្រទេស។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោក អ៊ុង សំអាត បានលើកឡើងថា ដើម្បីឲ្យខេត្តមានសេដ្ឋកិច្ចសំខាន់បំផុតត្រូវឲ្យដឹងពីកន្លែងផលិតសិន ដូច្នេះមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ត្រូវចេះជួយកសិករ អត់មានគំនិតអភិវឌ្ឍ ក្នុងការដាំដុះទៅតាមផ្នែកដំណាំនីមួយៗ តាមបណ្ដាលស្រុកផ្សេងៗគ្នា ពោលគឺជួយតម្រង់ទិសក្នុងការផលិត និងប្រមូលផ្ដុំព័ត៌មានឲ្យបានប្រភេទកសិផល ដូចជាដំណាំស្វាយ ដំណាំស្វាយចន្ទី ដំណាំស្រូវ ។ល។ ដើម្បីមានទិន្នន័យច្បាស់លាស់ សម្រាប់ឲ្យអាជ្ញាធរខេត្ត ធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស រកទីផ្សារនាំចេញកសិផលទាំងនោះទៅក្រៅប្រទេស។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីធានាបាននូវឃ្លាំងស្តុកមួយ លុះត្រាតែយើងមានកសិផលក្នុងចំនួនជាក់លាក់ និងមានគុណភាពខ្ពស់។ ដូច្នេះត្រូវមានថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ជួយសម្របសម្រួល ក្នុងការប្រមូលកសិផល រីឯក្រុមការងារជំនាញនៃមន្ទីរកសិកម្ម ជាអ្នកជួយបន្ថែមលើការងារនេះផងដែរ៕