(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ព្រមទាំងលោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-លោកនាយករងរដ្ឋបាលខណ្ឌ បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង ក្រោយពីបានបញ្ចប់នូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងអំពីការខិតខំយ៉ាងសកម្មមិនគិតពីការនឿយហត់ទាំងយប់ ទាំងថ្ងៃរបស់កម្លាំងទាំងអស់ ដើម្បីពង្រឹង រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍បានយ៉ាងល្អប្រសើរ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងទៅថ្មីៗនេះ។

លោកបានធ្វើការឧបត្តម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងម្នាក់ទទួលបានភេសជ្ជៈ១កេស, មី១កេស, ទឹកដោះគោ២កំប៉ុង, អាវយឺត១ និងថវិកា៨០,០០០រៀល៕