(ស្វាយរៀង)៖ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ស្ថិតនៅបរិវេណសាលាស្រុករមាសហែក។
លោកអភិបាលរងខេត្ត បានថ្លែងអណរគុណចំពោះវត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាជិក សមាជិការនៃអង្គវេទិការទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ដែលបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យ កាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បងនៃការរៀបចំអង្គវេទិការនៅពេលនេះ។
លោកបន្ថែមថា វេទិការផ្សព្វផ្សាយនេះ និងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយះការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕