(ក្រចេះ)៖ លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានថ្នាក់លើហៅទៅសួរនាំ និងអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន២គ្រាប់ ដែលរូបលោកបានបង្កកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប៉ទង្កិចដោយពាក្យសម្ដីជាមួយគណៈកម្មការទូកងវត្តឫស្សីកែវ។
ទាក់ទិនករណីនេះ លោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា លោកនាយប៉ុស្ដិ៍ឃុំឫស្សីកែវ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ ដើម្បីធ្វើការសួរនាំ។
ដើមចមដែលនាំឲ្យមានករណីផ្ទុះអាវុធដែលបង្កដោយលោកនាយប៉ុស្ដិ៍នេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា ដើមចេញពីទំនាក់ពាក្យសម្ដីដោយសារការបែងចែកលុយមិនស្មើគ្នា ជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការ ទូកងវត្តឫស្សីកែវ។ ហេតុការណ៍ផ្ទុះអាវុធនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយលោកមេប៉ុស្ដិ៍បាញ់ឡើងលើចំនួន២គ្រាប់ ខណៈភាគីគណៈកម្មការទូក ក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ដែរថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ បច្ចុប្បន្នកំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕