(ភ្នំពេញ)៖ ដើម្បីពង្រឹងការអភិវឌ្ឍ និងការផ្លាស់ប្តូរការអប់រំរវាងប្រទេសកម្ពុជា-ចិន-អាស៊ាន ឱ្យស្របតាមគោលនយោបាយឆ្នាំ២០២៤ គឺជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយក៏ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន។ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំ នឹងសហការរៀបចំពិព័រណ៍អប់រំកម្ពុជា-ចិន-អាស៊ាន ឆ្នាំ២០២៤ ដែលជាពិព័រណ៍អប់រំអន្តរជាតិ លើកទី២ ប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សមាគមន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ពិព័រណ៍អប់រំអន្តរជាតិលើកទី២នេះ នឹងប្រារព្ធនៅផ្សារទំនើប Olympia ក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ មានរយៈពេល០១ថ្ងៃ គឺនៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៨៖៣០នាទីព្រឹក រហូតដល់ម៉ោង១៧៖០០ល្ងាច។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍អប់រំអន្តរជាតិ លើកទី២ ឆ្នាំ២០២៤នេះ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន បានអញ្ជើញសាកលវិទ្យាល័យ និងសាលាអន្តជាតិប្រមាណជាង៤០ មកពីសាធារណរដ្ឋប្រជាមានិតចិន, ថៃ, និងសឹង្ហបុរី រួមទាំងសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំ សាលាអន្តរជាតិមួយចំនួនរបស់ប្រទេសកម្ពុជាផងដែរ ដើម្បីផ្តល់ឱកាស និងជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សកម្ពុជា ឱ្យមកទទួលបានព័ត៌មានសិក្សាជាតិ និងអន្តរជាតិដ៏សម្បូរបែបនេះ។ ជាមួយគ្នានេះសមាគមក៏នឹងអញ្ជើញសិស្សានុសិស្សមកពីគ្រឹះស្ថានសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញនានាចូលរួមផងដែរ។

ពិព័រណ៌អប់រំអន្តរជាតិ លើកទី២ ឆ្នាំ២០២៤នេះ នឹងក្លាយជាការផ្តល់ឱកាសដើម្បីឱ្យសាកលវិទ្យាល័យ និងស្ថាប័នអប់រំរបស់ប្រទេសចិន ក្រៅប្រទេសនានា និងប្រទេសកម្ពុជាបានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ ជាពិសេសបានផ្តល់ឱ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ អ្នកជំនាញ និងអ្នកតំណាងធុរកិច្ចនានា បានបង្កើតឱកាសសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ហើយក៏នឹងក្លាយជាវេទិកាមិត្តភាពដើម្បីលើកកម្ពស់ការអប់រំ និងវប្បធម៌ ផ្លាស់ប្តូររវាងកម្ពុជា-អាស៊ាន-ចិន ផងដែរ៕