(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅខណ្ឌដង្កោ បានទទួលកាដូរដ៏ធំមួយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នោះគឺការផ្តល់គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័នរំដោះទឹកចេញពីភ្នំពេញ ពិសេសនៅខណ្ឌដង្កោនេះតែម្តង ដូច្នេះនៅឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។
នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោជាច្រើន បានលើកឡើងពីកង្វល់របស់ខ្លូនមួយចំនួន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ដែលមានទាំងការសុំពន្លឿន នៃការប្រគល់ប្លង់កម្មសិទ្ធិ ដីធ្លីការសុំតបណ្តាញ ទឹកស្អាតចូល សុំធ្វើផ្លូវ ដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារប្រព័ន្ធលូជាដើម។
ក្នុងវេទិកានោះ ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងពង្រ បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនពួកគាត់ឱ្យបានលឿន។ ប្រជាពលរដ្ឋនៅសង្កាត់កាំងពង្រ ដូចគ្នាបានស្នើឱ្យអាជ្ញាធរ រាជធានីភ្នំពេញជួយអន្តរាគន៍ តបណ្តាញទឹកស្អាតចូលក្នុងបុរីសាំលែន។ សុំធ្វើផ្លូវ២ខ្សែ សុំដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារលូ នៅបឹងតាម៉ាត ជាមួយនិងការសុំផ្តល់ព័ត៌មានជុំវិញ គម្រោងសាងសង់ ស្ថានីយ៍បូមទឹកបឹងតាម៉ាតជាដើម។
មានប្រជាពល៥នាក់ បានលើកឡើងជាសំណើ និងសំពរផ្ទាល់មាត់ និង៥២ច្បាប់ ជាលាយលក្ខអក្សដាក់ចូលក្នុងប្រអប់សំបុត្រ។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ យើងបានដោះស្រាយជូនភ្លាមៗ ចំពោះអ្វីដែលមិនទាន់ដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ។ នេះជាការឲ្យដឹងរបស់លោក ឯក ឃុនដឿន។
ចំពោះប្រជាពលរដ្ឋ ដែលសុំការផ្តល់ព័ត៌មានជុំវិញ គម្រោងសាងសង់ស្ថានីយ៍បូមទឹកបឹងតាម៉ាត លោក ឯក ឃុនដឿន បានបញ្ជាក់ថា មន្ត្រីជំនាញបានចុះសិក្សាហើយ ដោយតាមគម្រោងនោះ គឺប៉ះដីមានកម្មសិទ្ធិរបស់ ប្រជាពលរដ្ឋ។ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្វែងរកទិញដី ដើម្បីសាងសង់ស្ថានីយនេះហើយ។
ក្នុងឱកាសនោះដែរ លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ សំរាប់ខណ្ឌនីមួយៗ ត្រូវធ្វើឡើងនៅ ខែមិថុនា រាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋអាចលើកឡើងនូវសំណើរសំណូមពរ ចំនួន៤បញ្ហា ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដែលក្នុងនោះរួមមាន៖
*ទី១៖ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
*ទី២៖ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។
*ទី៣៖ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ។
លោក ម៉ប់ សារិន បានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ ដូច្នេះលោកសំណូមពរថា អ្វីជាកង្វល់របស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់យើងនីមួយៗ ត្រូវបកស្រាយបានឱ្យច្បាប់លាស់ ដើម្បីប្រជាពលរដ្ឋលោកបានយល់៕