(ភ្នំពេញ)៖ លោក Dato Khairul Hamed នាយកប្រតិបត្តិក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោកប្រទេសព្រុយណេ បានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
ចំណាប់អារម្មណ៍ត្រូវបានស្តែងឡើងក្នុងពេលរូបលោកអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានអបអរសាទរជូនចំពោះសម្ដេចមហាបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលថ្មីៗនេះ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចាប់អារម្មណ៍លើភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញផងដែរ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានសម្ដែងក្ដីរីករាយដែលបានជួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។ សម្ដេចមហាបវរធិបតី ក៏បានសម្ដែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចមហាបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការដាក់ចេញគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។
សម្ដេចមហាបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕