(ភ្នំពេញ)៖ ទិវាស្រាវជ្រាវបារាំង-កម្ពុជា លើកទី៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា ដោយមានវត្តមានរបស់ លោកបណ្ឌិត អ៊ុម រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្វាប្រឹស អេផែន ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ខាងលើ។
ទិវានេះត្រូវបាន រៀបចំឡើងដោយស្ថានទូតបារាំង ដោយរួមសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវបារាំងនានា ដែលមានវត្តមាននៅកម្ពុជា រួមទាំងស្ថាប័នស្រាវជ្រាវកម្ពុជាផងដែរ ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍការ ស្រាវជ្រាវ និងមុខអាជីពផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា។
ទិវាស្រាវជ្រាវនេះ បានជួយជំរុញនិស្សិត និងគ្រូបង្រៀនកម្ពុជា ឱ្យចាប់អារម្មណ៍លើការងារស្រាវជ្រាវ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាឱកាសសម្រាប់ជំនួបពិភាក្សា និងការចងក្រង បណ្តាញក្នុងចំណោមតួអង្គមកពីពិភពផ្សេងៗ (រួមមាននិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន និងក្រុមហ៊ុន)។
បន្ថែមពីនេះ ទិវានេះក៏ជួយផ្សព្វផ្សាយឱ្យសាធារណជនយល់ដឹងអំពីការស្រាវជ្រាវ ដែលធ្វើឡើងដោយស្ថាប័នបារាំងនៅកម្ពុជា ជាមួយដៃគូកម្ពុជា និងអន្តរជាតិ។
ជាក់ស្តែង គម្រោងចំនួន៨ ត្រូវបានផ្តួចផ្តើមឡើង ចាប់តាំងពីឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូ Hubert Curien ដែលមានគោលដៅពង្រឹងការផ្លាស់ប្តូរផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងមន្ទីរពិសោធន៍ស្រាវជ្រាវនៃប្រទេសទាំងពីរ។
ម៉្យាងទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសនៃការសន្ទនា និងការផ្លាស់ប្តូរយោបល់គ្នាអំពីប្រធានបទនានា និងបញ្ហាប្រឈមក្នុងការស្រាវជ្រាវ ក៏ដូចជាការរួមចំណែករបស់ការស្រាវជ្រាវក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ប្រធានបទនៃការស្រាវជ្រាវ ពិតជាមានសារសំខាន់ជាក់ស្តែងសម្រាប់កម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គម ការស្រាវជ្រាវមានគោលដៅតួយ៉ាងដូចជាសិក្សាអំពីទំនាក់ទំនងរវាងសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន (វិធី សាស្ត្រ សុខភាពតែមួយ) សុខភាពប្រព័ន្ធអេកូឡូហ្ស៊ី និងកសិអេកូឡូហ្ស៊ី។
ប្រទេសបារាំងផ្តោតសំខាន់ទៅលើការអភិវឌ្ឍការស្រាវជ្រាវនៅកម្ពុជា ជាពិសេសតាមរយៈការគាំទ្រដល់គោលនយោបាយកម្ពុជា ក្នុងការដាក់ឱ្យដំណើរការការសិក្សាថ្នាក់បណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យ។
ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពត្រូវបានធ្វើឡើងជាមួយស្ថាប័នមួយចំនួន ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
បច្ចុប្បន្ន អ្នកស្រាវជ្រាវមកពីស្ថាប័នបារាំងជាច្រើនដែល មានភាពល្បីល្បាញលើឆាកអន្តរជាតិ កំពុងដឹកនាំគម្រោងស្រាវជ្រាវនានាជាមួយដៃគូកម្ពុជា។ សម្រាប់ឆ្នាំ២០២៤-២០២៥ និស្សិតអាហារូបករណ៍៥៥នាក់ បានចេញទៅបន្តការសិក្សានៅប្រទេសបារាំងកម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់ និងបណ្ឌិត។ ក្រៅពីនេះ ក៏មាននិស្សិតអាហារូបករណ៍ Excellence Eiffel ចំនួន២០នាក់ និងជ័យលាភីអាហារូបករណ៍ ANRS-MIE ៣នាក់ទៀត ក្នុងវិស័យសុខាភិបាលផងដែរ។
ទិវាស្រាវជ្រាវខាងលើនេះ ក៏ជាឱកាសដើម្បីអបអរខួប៤០ឆ្នាំ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវ ក្សេត្រសាស្ត្រសម្រាប់ការអភិវឌ្ឍ (CIRAD) និងខួប៨០ឆ្នាំនៃវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ(IRD) ដែលជាស្ថាប័នបារាំងដ៏សកម្មនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
តាមរយៈកិច្ចពិភាក្សា និងពិព័រណ៍រូបថត នៅវិទ្យាស្ថានបារាំងនៅកម្ពុជា មជ្ឈមណ្ឌល CIRAD មានបំណងផ្សព្វផ្សាយដល់មហាជនឱ្យបានយល់ដឹងពីការងាររបស់ខ្លួន ក៏ដូចជាការងារបស់ដៃគូ ដោយផ្តោតជាពិសេសលើប្រធានបទ «កសិអេកូឡូហ្ស៊ី និងសុខភាពតែមួយ ដើម្បីការពារ និងផ្គត់ផ្គង់អាហារដល់ពិភពលោកថ្ងៃស្អែក»។
ចំណែកវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD) បានរៀបចំកិច្ចពិភាក្សា ការស្វែងយល់ និងការបង្ហាញអំពីការស្រាវជ្រាវលើប្រធានបទធំៗ នៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព។
តាមរយៈការស្រាវជ្រាវដោយមានកិច្ចសហការ និងគម្រោងសន្ទនារវាងវិទ្យាសាស្ត្រ និងសង្គម គំនិតផ្តួចផ្តើមទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពសម្បូរបែបនៃភាពជាដៃគូអន្តរជាតិ ដែលវិទ្យាស្ថាន IRD បានបង្កើតឡើង និងពង្រឹងជាបន្តបន្ទាប់៕