(តាកែវ)៖ អាជ្ញាធខេត្តតាកែវ គ្រោងកែលម្អផ្លូវក្រវ៉ាត់បឹងតាកែវ តាមរយៈការពង្រីកផ្លូវក្រវ៉ាត់បឹង និងដាំដើមឈើនៅតាមមាត់បឹងតាកែវ ដើម្បីធ្វើយ៉ាងណាកែលំអសោភ័ណភាពផ្ទៃបឹងតាកែវ ឲ្យកាន់តែស្រស់បំព្រងមួយកម្រិតទៀត ដើម្បីត្រៀមរៀបចំធ្វើជាទីតាំងបុណ្យទន្លេនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងចំវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ (២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ ខេត្តតាកែវ ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ពិធីបុណ្យទន្លេ ដោយយើងជ្រើសរើសយកបឹងតាកែវធ្វើជាទីតាំង ដូច្នោះអាជ្ញាធខេត្តគ្រោងរៀបចំ កែលម្អសោភ័ណភាពជុំវិញបឹងតាកែវ ជាពិសេសហេថារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់បឹងឲ្យធំជាងមុន។

លោក វ៉ី សំណាង បានលើកឡើងបន្ថែមថា ពិធីបុណ្យទន្លេខាងមុខនឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើន ដូច្នោះនេះវាជាឱកាសមួយសម្រាប់ខេត្តតាកែវបង្ហាញពីសក្ដានុពលដែលខេត្ត មានទៅកាន់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរ ពិសេសបង្ហាញពីសោភ័ណភាពរបស់ក្រុងដូនកែវ ដែលជាបេះដូងរបស់ខេត្តតាកែវ ទៅកាន់ភ្ញៀវទេសចរណ៍ផងដែរ៕