(កំពត)៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលោក មួង នឿន អភិបាលស្រុកអង្គរជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងប្រគល់ឱ្យប្រើប្រាស់នូវផ្លូវលំក្រាលថ្មមិចប្រវែង៥៥០ម៉ែត្រ នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាអំណោយរបស់លោក ហ៊ុន សុខា ដោយមានការចូលរួមពីសមាជិកក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ឋានខេត្តកំពត មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះលោក មួង នឿន បានស្វាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងដែលបានចូលរួម និងថ្លែងអំណរគុណលោក ហ៊ុន សុខា ដែលបានយកចិត្តទុក្ខដាក់ និងសុខទុក្ខប្រជាពលរដ្ឋ គឺចំណាយថវិកាផ្ទាល់ខ្លួន មកកសាងផ្លូវដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់ធ្វើដំណើរផ្សេងៗ ដែលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ដែលកន្លងទៅលោក បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីជាប្រយោជន៍រួមនៅក្នុងមូលដ្ឋានស្រុកឈូក ខេត្តកំពត។
លោកបានថ្លែងថា ការអភិវឌ្ឍន៍ដែលប្រព្រឹត្តទៅបាននេះ គឺមិនមែនជាស្នាដៃរបស់គណបក្សប្រឆាំងឡើយ នេះគឺជាស្នាដៃកើតឡើងពីសុខសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសកម្ពុជាពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍន៍ជាច្រើនជាបន្តបន្ទាប់នៅតាមមូលដ្ឋានជនបទថែមទៀតផង។
លោកសូមបងប្អូនប្រជាពលរដ្ឋធ្លាប់ចូលរួមជាមួយជនក្បត់ជាតិ៣ជំនាន់ សូមដកខ្លួន និងគិតឡើងវិញ ស្វែងរកជំរើសដ៏ត្រឹមត្រូវដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិនីតិកាលទី៧នេះ៕