(បាគូ-អាស៊ែបៃហ្សង់)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Benedict Augustine Vickers មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការប្រើប្រាស់ដី និងព្រៃឈើ របស់មូលនិធិអាកាសធាតុបៃតង (Green Climate Fund : GCF)។

ក្នុងឱកាសជំនួបពិភាក្សា លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយបាន និងកំពុងរៀបចំក្របខណ្ឌគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ២ (២០២៤-២០៣៣) និងយុទ្ធសាស្ត្ររយៈពេលវែងអព្យាក្រឹត្យកាបូន របាយការណ៍ការតម្លាភាព ២ឆ្នាំម្តង និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីក្លាយជាស្ថាប័នដែលមានសម្បទាក្នុងការទទួលបានមូលនិធិដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។

លោកបណ្ឌិត Benedict Augustine Vickers បានអបអរសាទរ និងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោងនានា និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងលើកទឹកចិត្តឱ្យកម្ពុជាបង្កើនល្បឿនរៀបចំសំណើសុំជាស្ថាប័នមានសម្បទា (Accredited Entity)សម្រាប់ GCF ជាមួយគ្នានេះដែរ កម្ពុជាគួរដាក់សំណើគម្រោងសុំការគាំទ្រពីហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង តាមរយៈ Direct Access Window សម្រាប់ប្រទេសកម្ពុជា៕