(ភ្នំពេញ)៖ បណ្តាក្រុមហ៊ុនវិនិយោគរបស់ជប៉ុន បានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្មនៅកម្ពុជា។ បំណងនេះត្រូវបានស្តែងឡើងតាមរយៈជំនួបពិភាក្សាមួយរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបសម្ដេចបវរធិបតី អំពីវឌ្ឍនភាពការងា​ររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ លោកប្រធានសមាគម បានជម្រាបសម្ដេចមហាបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

លោកប្រធានសមាគម បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុន​ជប៉ុន​​ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជាលើវិស័យមួយចំនួន​ដូចជា​៖​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។

លោកប្រធានសមាគម បានគោរពជម្រាបសម្ដេចបវរធិបតីបន្ថែមទៀតថា​សមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែង​តែ​បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់​ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចមហាបវរធិបតី បានលើកឡើងថា វិស័យ​ឯក​ជនរបស់ជប៉ុន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់​កម្ពុជា​ក្នុងរយៈ​ពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

សម្ដេចមហាបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យ​នៅ​កម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ សម្ដេចមហាបវរធិបតី ក៏បាន​សម្ដែង​ការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរក​ឱកាស​វិនិយោគនៅកម្ពុជានាពេលនេះ។

បន្ថែមលើនេះ សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់​ស្របទៅនឹងតម្រូវការជាក់ស្តែង៕