(កំពង់ស្ពឺ)៖ កម្ពុជា បានធ្វើបានជាម្ចាស់ផ្ទះនៃវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប ចំនួន២លើករួចមកហើយ ក្នុងគោលបំណងបង្កើនសមត្ថភាព លើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេល ប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះនៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និងស្ទាត់ជំនាញដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្ត អភិវឌ្ឍន៍សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីគាំទ្រដល់ប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្មអង្គការសហប្រជាជាតិ។
ជាក់ស្តែងសម្រាប់ការធ្វើជាម្ចាស់ផ្ទះលើកទី២នេះ ត្រូវបើកជាផ្លូវការនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ និងលោក Sardar Umar Alamតំណាងអ្នកសម្របសម្រួល អ.ស.ប ប្រចាំកម្ពុជា នៅសាលា POK ខេត្តកំពង់ស្ពឺ។ មានការចូលរួមពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិយោធាចារ្យអូស្ត្រាលី ជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងមានសិក្ខាកាមមកពីប្រទេសចំនួន៨ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា។
វគ្គហ្វឹកហ្វឺនត្រីភាគីអង្គការសហប្រជាជាតិ (UN TPP) ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គឺជាការហ្វឹកហ្វឺនបែបពហុសសរស្តម្ភ (Cross-Pillar) និងជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ជាលើកដំបូង របស់កម្មវិធី TPP ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (៥សប្តាហ៍) នៅសាលា PKO ខេត្តកំពង់ស្ពឺ លើសសរស្តម្ភ ចំនួនបីរួមមាន៖ សសរស្តម្ភទី១ ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម HEE (Heavy Engineering Equipment - Operators' Intermediate Course) សសរស្តម្ភទី២ ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ EHAT (Explosive Hazard Awareness Training) សសរស្តម្ភទី៣ សង្គ្រោះលើទីលាន FMAC (Field Medical Assistants Course)។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ យ៉ូស៊ីហារុ តាកាស៊ី (Yoshiharu Takashi) ជាមេបញ្ជាការកងពលតូចវិស្វកម្មលេខ៤ តំបន់ Chubu នៃកងស្វ័យការពារជើងគោក បានថ្លែងថា កងកម្លាំងស្វ័យការពារជើងគោកជប៉ុន គឺជាលើកទីមួយដែលបានចូលរួមវគ្គហ្វឹកហ្វឺនរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា ការហ្វឹកហ្វឺននេះរួមគ្នារវាងកងទ័ពជប៉ុន កូរ៉េ និងអូស្ត្រាលី ក្រោមការត្រួតពិនិត្យទូទៅពីសំណាក់ការិយាល័យកណ្តាល អង្គការសហប្រជាជាតិ។ ការ ហ្វឹកហ្វឺននេះ គឺជាការសាកល្បងលើកទីមួយសម្រាប់ TPP ហ្វឹកហ្វឺនអំពីការដោះស្រាយបញ្ហាដែលមន្ត្រី PKO ជួបប្រឈមនៅនឹងកន្លែង រួមមានការហ្វឹកហ្វឺនបញ្ជាគ្រឿងចក្រវិស្វកម្ម សុខាភិបាល និងការរុករក និងការរកឃើញជាតិផ្ទុះ និងសង្ឃឹមថាសិក្ខាកាមអាចទទួលបានផ្លែផ្កាជាច្រើនតាមរយៈការហ្វឹកហ្វឺនដែលស្រដៀងគ្នានឹងសមរភូមិពិត។
លោកឧត្តមសេនីយ៍ទោ យ៉ូស៊ីហារុ តាកាស៊ី បានបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនង និងការជឿទុកចិត្តគឺជា «ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស»។ តាម រយៈកម្មវិធីនេះសង្ឃឹមថានឹងអាចពង្រឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងអង្គការសហប្រជាជាតិ និងប្រទេសដែលបានចូលរួមកាន់តែរឹងមាំថែមទៀត។
សម្រាប់លោកឧត្តមសេនីយត្រី Kim Tae-hoo ប្រធាននាយកដ្ឋានវិស្វកម្មនៃកងទ័ពសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាវគ្គបណ្តុះបណ្តាលនេះនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់វិស្វករដែលមកពីប្រទេស នីមួយៗ និងអាចក្លាយជាមូលដ្ឋានក្នុងការជឿទុកចិត្តគ្នា និងសហប្រតិបត្តិការរវាងគ្នា និងគ្នា។ តាមរយៈការបណ្តុះបណ្តាលនេះសិក្ខាកាមនឹងអាចបង្កើនសមត្ថភាពរបស់ខ្លួន និងអាចដាក់ជាមូលដ្ឋានគ្រឹះបន្ថែមទៀតចំពោះបញ្ហាប្រឈមមុខថ្មីៗ ដើម្បីសន្តិភាព និងសន្តិសុខពិភពលោកផងដែរ។ ចំណង់ចំណូលចិត្ត និងការលះបង់របស់អ្នកទាំងអស់នឹងក្លាយជាមូលដ្ឋានគ្រឹះនាពេលអនាគត។
លោកឧត្តមសេនីយត្រី Kim Tae-hoo បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាមិនត្រូវភ្លេចថា អ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនេះគឺកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍កម្មវិធីកិច្ចសហប្រតិបត្តិការត្រីភាគីរបស់អង្គការសហប្រជាជាតិ»។
បើតាមលោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមតំណាងប្រទេសអូស្ត្រាលី រួមជាមួយដៃគូកម្ពុជា ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពផ្នែករក្សាសន្តិភាពរួមគ្នា។ លោកថាចំពោះវត្តមានអ្នកចូលរួមទាំងអស់ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជាចំពោះសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺបង្កើនឱ្យមានការជំរុញទឹកចិត្តជាខ្លាំង។
«ភាពជាដៃគូគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងរក្សានូវពិភពលោកមួយដែលមានសុខសន្តិភាព និងស្ថិរភាព។ ហើយកម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយ។ អូស្ត្រាលី មានក្តីសោមនស្សដោយបានរួមចំណែកក្នុងកម្មវិធី TPP ជាមួយសាធារណរដ្ឋកូរ៉េ និងប្រទេស ជប៉ុន ដើម្បីជំរុញសន្តិភាព និងសន្តិសុខ។ កម្មវិធីនេះគឺលើសពីការហ្វឹកហ្វឺន និងការកសាងសមត្ថភាពទៅទៀត។ នេះជាការឆ្លុះបញ្ចាំងជាក់ស្តែងអំពីទំនួលខុសត្រូវរបស់យើងរួមគ្នា ក្នុងការកសាងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា កាន់តែមានភាពធន សម្រាប់ការរក្សាសន្តិភាព និងការឆ្លើយតបនឹងគ្រោះមហន្តរាយ»។ នេះជការលើកឡើងបន្ថែមរបស់ទូតអូស្ត្រាលី។
លោក ដេរិក យីប បានបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញទាំងនេះ គឺមិនគ្រាន់តែចាំបាច់ក្នុងការលើកកំពស់កិច្ចប្រឹងប្រែងផ្នែករក្សាសន្តិភាពប៉ុណ្ណោះទេ តែមានសារៈសំខាន់សម្រាប់សុវត្ថិភាព និងសន្តិសុខរបស់អ្នកថែរក្សាសន្តិភាព។ អូស្ត្រាលី មានប្រវត្តិដ៏យូរអង្វែងពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងជាង ៦៥,០០០នាក់ ទៅចូលរួមប្រតិបត្តិការសន្តិភាព និងសន្តិសុខក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌពហុភាគីផ្សេងៗ។
លោក ដេរិក យីប បានគូសបញ្ជាក់ថា៖ «យើងនៅតែបន្តប្តេជ្ញាចិត្តកសាងអនាគតសម្រាប់វិស័យរក្សាសន្តិភាព។ ជាមួយនឹងទំនាស់ក្នុងសកលលោកកំពុងកើនឡើងកម្រិតខ្ពស់វិស័យរក្សាសន្តិភាព អ.ស.ប ត្រូវមានភាពច្នៃប្រឌិត និងសម្របខ្លួនសម្រាប់អនាគត។ ភាពជាដៃគូក្នុងការហ្វឹកហ្វឺន និងការកសាងសមត្ថភាពដូចជាកម្មវិធី TPP នេះមានសារៈសំខាន់ក្នុងការឆ្លើយតបនឹងការគំរាមកំហែង និងបញ្ហាប្រឈមផ្សេងៗដែលកំពុងកើតមានឡើង»៕