(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ UNIDO បានជំរុញការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យ ដើម្បីផ្តល់ឱកាសដល់និស្សិតនៅកម្ពុជាទទួលបានជំនាញ ចំណេះមួយពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគម្រោង CAPFISH-CAPTURE ដែលចូលរួមអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងរួមចំណែកដល់ការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។
សិក្ខាសាលានេះផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃគំរូត្រីវ័ណ្ត ក្នុងការជំរុញភាពជាដៃគូ និងលើកកម្ពស់ជំនាញស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍។ សិក្ខាសាលាបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តំណាងសហគ្រាសឧស្សាហកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសិក្សា-ស្រាវជ្រាវ ដើម្បីអភិវឌ្ឍគោលការណ៍ណែនាំស្តីពី «ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស» ជាតិមួយ ដែលគាំទ្រដល់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា២០៣០។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យជាមួយនឹងតម្រូវការរបស់សហគ្រាសគឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពនៃការអប់រំផងដែរ។ យុទ្ធសាស្រ្តនេះបង្កើតឱកាសដល់និស្សិតនៅកម្ពុជាឱ្យទទួលបានជំនាញ ចំណេះពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។ ម៉្យាងវិញទៀត សាកលវិទ្យាល័យក៏អាចបង្កើតលទ្ធផលស្រាវជ្រាវល្អៗ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងវិស័យនានា ជាពិសេសវិស័យឧស្សាហកម្មដោយផ្ទាល់»។
លោកបានលើកទឹកចិត្តឱ្យនវានុវត្តន៍ករ ការពារកម្មសិទ្ធិបញ្ញាលើលទ្ធផលស្រាវជ្រាវ និងការរកឃើញថ្មីៗរបស់ពួកគេតាមរយៈប្រកាសនីយបត្រតក្កកម្ម។ លោកបានបន្ថែមថា នវានុវត្តន៍ករអាចការពារស្នាដៃរបស់ខ្លួន ដើម្បីអភិវឌ្ឍស្នាដៃទាំងនោះបន្ថែមនៅក្នុងវិស័យរៀងខ្លួន។
តាមរយៈគម្រោង CAPFISH-CAPTURE ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប អង្គការ UNIDO បានដាក់ឱ្យអនុវត្តថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍វិស័យចំណីអាហារ (FTRIP) ដែលប្រមូលផ្តុំគ្រឹះស្ថានឧត្តមសិក្សា សហគ្រាសក្នុងវិស័យចំណីអាហារ និងស្ថាប័នសាធារណៈ ដើម្បីសហការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលមានមូលដ្ឋានលើការស្រាវជ្រាវ សម្រាប់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម។
លោក Bryan Fornari នាយកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងអំពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដែលជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។
លោកបានថ្លែងថា «សហភាពអឺរ៉ុបទទួលស្គាល់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស មានសារៈសំខាន់សម្រាប់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ យើងអាចធានាបានថា ចំណេះដឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតដំណោះស្រាយដែលផ្តោតលើតម្រូវការទីផ្សារ បង្កើតឱកាសសេដ្ឋកិច្ច បង្កើតការងារ និងពង្រឹងភាពប្រកួតប្រជែង»។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការនេះ ក្នុងការពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីភាពធន់នៃសេដ្ឋកិច្ច។
លោកបានលើកឡើងថា «តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាថ្នាលបច្ចេកវិទ្យា FTRIP អង្គការ UNIDO គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង។ កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានស្រាវជ្រាវ សហគ្រាសផលិតចំណីអាហារ និងស្ថាប័នរដ្ឋបានលើកកម្ពស់បច្ចេកទេសកែច្នៃធនធានជលផល និងការអភិវឌ្ឍផលិតផលរបស់សហគ្រាសទាំងនោះ»។
ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ បានកំណត់ចក្ខុវិស័យច្បាស់លាស់សម្រាប់ការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះបានរំលេចតួនាទីសំខាន់នៃទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម ដែលជាមូលដ្ឋានសម្រាប់នវានុវត្តន៍។ តាមរយៈការពង្រឹងទំនាក់ទំនងទាំងនេះ រាជរដ្ឋាភិបាលមានគោលដៅបង្កើនល្បឿននវានុវត្តន៍ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) អភិវឌ្ឍធនធានមនុស្សដោយផ្អែកលើតម្រូវការឧស្សាហកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច៕