(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកការប្រឹងប្រែងមួយចំនួន​របស់​សម្តេច ដើម្បីឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិករបស់អាស៊ាន។

នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ​ប្រចាំ​នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយពេលរូបលោក​ដល់ពេលបញ្ចប់​ការងារ​នៅកម្ពុជា។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងារ បានជជែកលើ​ការ​ងារជាច្រើន ដែលបានប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទាំង​ឡាយរវាងកម្ពុជា និងប្រទេសទីម័រឡេស្តេ។

ក្រៅពីរំលឹកដល់កិច្ចប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និងទីម័រឡេស្តេហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូត បានរំលឹក​ដល់កិច្ចប្រឹងប្រែងមួយចំនួន ដើម្បីជំរុញឱ្យប្រទេសសមាជិកអាស៊ានទទួលយកប្រទេសទីម័រឡេស្តេ ជាសមាជិករបស់អាស៊ាន។

លោកឯកអគ្គរដ្ឋទូត​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយ​ជ្រោម​ជ្រែងរបស់​សម្តេចតេជោ ក្នុងការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិកអាស៊ាន៩ផ្សេងទៀត ដើម្បីឱ្យទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈ​ពេលជាច្រើន​ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការសម្រេចចិត្តទៅបំពេញ​ទស្សនកិច្ចរបស់នៅទីម័រ​ឡេស្តេ​កាលពីឆ្នាំ២០១៦។ បំណងនៃដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងចំនួនពីរ ទីមួយជំរុញ​ទំនាក់​ទំនង​ទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ និងទីពីរ ដើម្បីមើលឃើញជាក់ស្ដែង​ពីការអភិវឌ្ឍ​របស់​ទីម័រ​ឡេស្តេ និងជាការបញ្ជូនសារទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀត​ ពីវឌ្ឍនភាពទីម័រឡេស្តេ ​ដែលអាចចូលជាសមាជិកសហគមអាស៊ាន។

សម្ដេចតេជោ ក៏បានរំលឹកទៀតថា សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេ រាល់ពេលកិច្ច​ប្រជុំ​នានា ​ជាពិសេសនៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក សម្ដេច ក៏បានថ្លែងផងដែរ ពីការជួយជំរុញឱ្យទីម័ឡេស្តេ ចូលជាសមាជិកអាស៊ាន ហើយអង្គសន្និ​បាត​បានទះដៃគាំទ្រយ៉ាងខ្លាំង។

សម្ដេចតេជោ បានរំលឹកទៀតថា នៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេច បានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេ ចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួម​ប្រជុំគ្រប់ វេទិកាទាំងអស់។ ថ្មីៗនេះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេ បានចូលជា​សមាជិក​អាស៊ាន​ពេញលេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិក​អាស៊ានផ្សេងៗទៀត ដើម្បីពន្លឿនដំណើរការចូលជាសមាជិកពេញ​សិទ្ធិរបស់អាស៊ាននៅពេលឆាប់ៗ​ខាងមុខនេះ។ សម្តេចតេជោ មានសុទិដ្ឋិនិយមចំពោះការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេ​ស្តេផ្ទាល់​ក៏ត្រូវត្រៀម​លក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋា​រចនា​សម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ ប្រទេសទីម័របានក្លាយទៅជាប្រទេស​សមាជិក​សង្កេតការណ៍របស់អាស៊ាននៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ តាមរយៈភាពជាសមាជិកសង្កេតការណ៍នេះ ប្រទេសទីម័រអាចចូលរួមរាល់កិច្ចប្រជុំរបស់អាស៊ាន៕