(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឡើងថា របកគំហើញ នៃបុរាណវត្ថុវិទ្យា ពិតជាមានគុណតម្លៃសម្រាប់ប្រជាជាតិ និងពិភពលោកតែម្ដង មិនមែនតែនៅកម្ពុជានោះទេ។

លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ម៉ាទីន ម៉ុលយើងបាន (Dr. Martin Polkingkorne) សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យហ៊្វុនឌ័រ ប្រទេសអូស្ត្រាលី លោកគ្រូ អ្នកគ្រូ ក្រុមការងារ និងនិស្សិតជាច្រើនរូប នៅសាលទន្លេសាប នៃអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត យង់ ពៅ បានរំពឹងថា នឹងមានការសិក្សាស្រាវជ្រាវជាបន្ដទៀត អំពីបុរាណវត្ថុវិទ្យារបស់យើង មានការលើកទឹកចិត្ដឱ្យមានការស្រាវជ្រៅបែបនេះទៀត ក្រុមការងារស្រាវជ្រៅ និងមានកិច្ចសហប្រតិបត្ដិការជាមួយដៃគូររបស់យើង ពីព្រោះថា របកគំហើញ នៃបុរាណវត្ថុវិទ្យា ពិតជាមានគុណតម្លៃសម្រាប់ប្រជាជាតិ និងពិភពលោកតែម្ដង មិនមែនតែនៅកម្ពុជានោះទេ។

លោកបណ្ឌិត បានបន្ដថា បុរាណវត្ថុវិទ្យា បានបំពេញចន្លោះប្រហោងជាច្រើន សម្រាប់ការសិក្សាផ្សេងៗ ជាពិសេសការសិក្សាអំពីប្រវត្ដិសាស្រ្ដកម្ពុជា ដែលមានដូចជា៖

១៖ បុរាណវត្ថុវិទ្យា គឺបានបំពេញចន្លោះប្រហោងនៃឯកសារប្រវត្ដិសាស្រ្ដ ជាសំណេរ ជាសិលាចរិក ជាហេដ្ឋារចនាសម្ព័ន្ធ អញ្ចឹងគឺសំអាងទៅលើអ្នកបុរាណវត្ថុវិទ្យា ដែលអាចបកប្រែខ្លឹមសារ បកប្រែអត្ថន័យ នៃអ្វីដែលកើតមានកន្លងទៅ ក្នុងទិន្នតភាពប្រវត្ដិសាស្រ្ដ នៅពេលដែលយើងយល់យើងអាចកសាងស្មារតីជាតិពិតប្រាកដបាន យល់គុណតម្លៃជាតិខ្លួនឯង
២៖ ការកសាងស្មារតីជាតិជាមួយ ស្ដីអំពី គុណតម្លៃប្រវត្ដិសាស្រ្ដជាតិខ្លួនឯង
៣៖ គុណតម្លៃ សម្រាប់អប់រំវិទ្យាសាស្រ្ដ នៃវិទ្យាសាស្រ្ដកម្ពុជា
៤៖ គុណតម្លៃសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ជាដើម
៥៖ ការកសាងមោតនភាពជាតិ តាមរយៈបុរាណវត្ថុវិទ្យា ក៏ដូចជាប្រវត្ដិសាស្រ្ដកម្ពុជា ទាំងអស់នេះ យើងត្រូវការស្វែងយល់ទាំងអស់គ្នា និងបង្កើនការសិក្សា។

បន្ថែមពីនេះទៀត លោកក៏បានលើកទឹកចិត្ដ និងជរុញយុវជន សិក្សាស្រាវជ្រៅឱ្យកាន់តែច្បាស់ ដើម្បីជាមោទនភាពយ៉ាងពិតប្រាកដ មោទនភាពជាតិ មិនមែននិយាយហើយធ្វើបានទេ ទាល់តែសិក្សាស្រាវជ្រៅ និងធ្វើជាក់ស្ដែង។

ជាថ្មីម្ដងទៀត លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា កុំស្រូវផ្សែងនរយោបាយ ត្រូវខិតខំកសាងសមត្ថភាពជាតិតាមពាក្យវិទ្យាសាស្រ្ដ ជាតិនរយោបាយ ក្នុងនោះរួមមាន៖ កម្ពុជា តែងតែគោរពនូវគោលការណ៍ អន្ដរជាតិខ្ជាប់ខ្ជួន គោលការណ៍ព្រំដែនមិនកែប្រែ យើងនៅតែគោរពនៅគោលការណ៍នេះ​ដោយមិនងាករេនោះទេ, កម្ពុជា ប្រកាន់ខ្ជាប់ខ្ជួន នៅការគោរពច្បាប់ជាតិ និងអន្ដរជាតិ ជាចាំបាច់ដើម្បីរក្សានូវអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងបញ្ហាប្រឈមរបស់សកលលោកបច្ចុប្បន្ន,កម្ពុជាគ្មានភាពចាំបាច់ស្រូបផ្សែងពុលនយោបាយពីនរណាទេ «និយាយឱ្យចំអ្នកជាតិនិយមមួយក្ដាប់តូច» ដែលតែងតែផ្លុំផ្សែងពុលមក ក្នុងទិដ្ឋភាពជាតិនិយមពីប្រទេសជិតខាង,កម្ពុជា ត្រូវការអ្នកជិតខាងល្អ ដើម្បីមានលទ្ធភាព និងកសាងសមត្ថភាពជាតិ ឱ្យបានរឹងមាំ។

ជាមួយគ្នានេះដែរ ក៏មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាតំណាងដោយ លោកបណ្ឌិត ផុន កសិកា ជាមួយសាកល វិទ្យាល័យហ្វឺនឌ័រ ប្រទេសអូស្ត្រាលី តំណាងដោយ លោកបណ្ឌិត ម៉ាទីន ប៉ូលយើងបាន ក្រោមអធិបតីភាព លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៕